ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ឯក ហង្ស សុផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា យុវជនចំនួន០៣នាក់ជាប់ពាក់ព័ន្ធករណីនាំចូល និងកែច្នៃអាវុធដោយខុសច្បាប់កាលពីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតុលាការចេញដីកាឃុំខ្លួន នៅពន្ធនាគារ កាលពី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង០៣នាក់រួមមាន ទី ១. ឈ្មោះ ជា ហ៊ាប ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើតនៅភូមិទី ១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិខ្នារ សង្កាត់ ជ្រាវ ក្រុងខេត្តសៀមរាប ( អ្នកនាំចូលនាំចេញកែច្នៃអាវុធ ), ទី២ ឈ្មោះ លី តាំង ឆេង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរនិស្សិតមានទីលំនៅ ភូមិតាវៀន ឃុំសាលាកំរើក ក្រុងខេត្តសៀមរាប ( ពាក់ព័ន្ធបទ ជួញដូរអាវុធខុសច្បាប់ ) ទី៣ ឈ្មោះ ឡី ម៉េង ឡុង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជួញដូរអាវុធខុសច្បាប់ ) ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាត់ខ្លួននេះបានរឹបអូសអាវុធខ្លីម៉ាក G Lock ពណ៌ខ្មៅ ហ្កាស់បញ្ចូលកាំភ្លើង សម្រាប់បាញ់ចំនួន៥ដប ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅ ចំនួនមួយ – សោរសម្រាប់ដោះ ( ទួលីវីស ) ចំនួន៣ដុំ លិខិតឆ្លងដែន របស់ឈ្មោះជា ហ៊ាប មួយក្បាល កាតវី ងចំនួនមួយ កាត ធានារ៉ាប់រង ( ប្រទេសថៃ ) ចំនួនមួយ ។
លោក វរៈសេនីយ៍ឯក ហង្សសុផាតភីរម្យ បានឲ្យដឹងថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខ សមត្ថកិច្ចថា ពួកគេពិតជាបាននាំចូលនាំចេញ និងកែច្នៃ ជួញដូរអាវុធ ខុសច្បាប់ពិតប្រាកដមែន ដោយក្នុងនោះមានដូចជា ៖ អាវុធខ្លីពិតចំនួន ១០០ដើម ប្រភេទអាវុធខ្លីប្រើហ្កាស់ និងអាវុធ ប្រើខ្យល់ ចំនួន៣០០ដើមឲ្យទៅតាមបណ្តាខេត្ត និងរាជធានីដោយភាគច្រើនពួកគេលក់នៅលើទីផ្សាររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ៕ ប៊ុនរិទ្ធី