ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌឺ បើកឆ្លងផ្លូវ ត្រូវម៉ូតូលេតបុករងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតូលឿនបុកជាមួយរថយន្តហាយឡេនឌឺ បើកច្រាសទិសកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ ជិះម៉ូតូ ម៉ាកលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2638 បើកបរដោយឈ្មោះ ចាន់ តូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសបែកក្បាលផុងលលាដ៍ក្បាល សន្លប់ឈឹង ។ រួមដំណើរដោយឈ្មោះ គ្រោង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា រងរបួសទ្រូងធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ល្បឿនលឿនពីលិចទៅកើត ល្បឿនលឿន ជែងកុងតឺន័រ ជ្រុលទៅបុក រថយន្តម៉ាក ហាយឡេនឌឺ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AT-7220 បើកពីកើតទៅលិចច្រាសទិសគ្នា ហើយកំពុងឆ្លងផ្លូវ ទៅត្បូង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖