ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង និងធ្វើឲ្យសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ចុះទៅអន្តរាគមន៍ ក្រោយពីមានករណីក្មេងស្ទាវ២ក្រុម បានចេញពីផឹកស៊ីនៅក្នុងក្លឹបសេះមាស ហើយទំនងជាស្រវឹងស្រា បានបង្កហិង្សាដេញកាប់គ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង ៣ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាននៅទាន់បញ្ចាក់ពីមូលហេតុនោះទេ ខណៈភាគីម្ខាងរបួសធ្ងន់ និងភាគីម្ខាងទៀតរត់គេចខ្លួនបាត់អស់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចដកហូតវត្ថុតាងម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-1615 របស់ជនបង្ក ដែលបន្សល់ទុក យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ រង់ចាំដោះស្រាយពេលក្រោយ ។
សូមបញ្ជាក់៖ គេសង្កេតឃើញថា តាមបណ្ដោយផ្លូវវេងស្រេងមួយរយ:ចុងក្រោយនេះ សម្បូរក្មេងស្ទាវដេញវៃគ្នា បង្កអនាធិបតេយ្យជារៀងរាល់យប់ ហាក់បីដូចជាសមត្ថកិច្ច មិនអាចទប់ស្កាត់បានទាល់តែសោះ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃនេះ គឺមានករណីជនសង្ស័យ មិនស្គាល់មុខបានធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ បណ្ដាលឲ្យរងរបួស នៅម្ដុំលូ៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះផងដែរ ។
ចំពោះករណីនេះដែរ ពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធជាពិសេសសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យមានការល្បាតដល់យប់ជ្រៅផង កុំឲ្យយប់មិនទាន់នាំគ្នាចូលប៉ុស្តិ៍វិញបាត់អស់ ធ្វើឲ្យពួកគាត់រិះគន់រឿងដដែលៗ៕ ភារ៉ា ដង្កោ