ព័ត៌មានទាន់ហេតុការណ៍៖

នេះឬទំពាំងស្នងឫស្សី? យុវជន-យុវនារី ១សម្បុក ត្រូវនគរបាលចាប់ខ្លួន រួមវត្ថុតាងសង្ស័យគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទ ឆ្មក់ខ្ទប់ចាប់ជនសង្ស័យប្រុសស្រីចំនួន ៦នាក់ ក្នុងបន្ទប់ផ្ទះជួល ដកហូតនូវវត្ថុតាង ឧបករណ៍ និងសម្ភារផ្សេងៗមួយចំនួន ។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា យុវជនយុវនារីត្រូវបានកម្លាំងធ្វើការបង្រ្កាបទី១ ឈ្មោះ ជីវិត វណ្ណាវីន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ(មន្រ្តីយោធា) ទី២ ឈ្មោះ ប៉េង ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ(ជាងចម្លាក់) ទី៣ ឈ្មោះ អឹុម បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី៤ ឈ្មោះ ឃុត រតនា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ(ជាងអ៊ុតសក់) ទី៥ ឈ្មោះ ហាំ មុីហួរ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ(សិស្ស) និងទី៦ ឈ្មោះ ពៅ ស្រីនី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាង ឧបករណ៍ និងសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន២គ្រាប់ សង្ស័យជាសារធាតុញៀន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០៧គ្រឿង និងម៉ូតូចំនួន ០៤គ្រឿងផងដែរ ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យប្រុសស្រីទាំងចំនួន ៦នាក់ វត្ថុតាង និងសម្ភារ នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធ បញ្ញាបន្តទៅការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បុឹម ពិន


ចែករំលែក៖