ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ៧ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងរាប់ម៉ឺននាក់បានចូលរួមពិសានំបញ្ចុកតេជោសាមគ្គី សន្តិភាព ឯកភាព និងការរីកចម្រើន ជាមួយសមាជិក សមាជិកា ថ្នាក់ដឹកនាំសង្កាត់ និងនៅតាមសាលាឃុំសង្កាត់នានាទូទាំងបណ្ដារក្រុងស្រុក ។
ជាការពិតណាស់ ការពិសានំបញ្ចុកសាមគ្គី គឺជានំបញ្ចុកឯកភាពជាតិ សាមគ្គីភាព មិនមែនជានំបញ្ចុកបំបាក់ជាតិដូចក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់បានលើកឡើងកន្លងមកនោះទេ នំបញ្ចុកជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើងតាំងពីបុរាណកាលមក ការហូបនំបញ្ចុក គឺបានចូលរួមលើកកម្ពស់ស្នាដៃផលិតផលនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឲ្យបរទេសដឹងថា ខ្មែរមាននំបញ្ចុក ដែលមានរស់ជាតិឆ្ងាញ់ ដែលអាចបរិភោគជាមួយទឹកសម្លជាច្រើនមុខ… ។ មិនត្រឹមតែហូបនំបញ្ចុកប៉ុណ្ណោះទេ បន្ថែមពីលើនេះនៅតាមសង្កាត់ខ្លះក៏មានរៀបចំនូវសាច់រលីងជ្រក់សណ្តែកជាអាហារប្រចាំខេត្តស្វាយរៀង និងមានមាន់ដុតផងដែរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានពិសាក្រោមដំបូលនៃសន្តិភាព និងភាពសប្បាយរីករាយក្នុងពេលជួបជុំគ្នានាពេលនេះព្រមទាំងមានរាំលេងកម្សាន្តផងដែរ ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការហូរនំបញ្ចុក មិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេច ក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។
រឿងនំបញ្ចុក ហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ? មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត ៕ យឹម សុថាន