ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសន្តិសុខ និងអ្នកបោសសំរាមឃាត់ខ្លួនយកមកឲ្យសមត្ថកិច្ច និងពីរនាក់ទៀតសមត្ថកិច្ចទៅឃាត់ខ្លួនដល់កន្លែងកើតហេតុ ខណៈបម្រុងចាប់រំលោភលើនារីម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះមួយកន្លែង ដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ ខាងក្រោយទីស្តីការ គណៈរដ្ធមន្ត្រី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើយោងតាមការអះអាងពីនារីរងគ្រោះបានឲ្យដឹងថា រូបនាងឈ្មោះ ខ ស ឃ អាយុ២៦ឆ្នាំ បម្រើការងារនៅហាងមួយកន្លែង នៅមុនពេលកើតហេតុជនសង្ស័យម្នាក់ មកទិញស្រាបៀរអាន់ឆរ័ ប្រាំកំប៉ុងពីអ៊ុំស្រីម្នាក់ស្គាល់គ្នានឹងរូបនាងទាំងមិនទាន់ឲ្យលុយ ។ មួយសន្ទុះក្រោយមក អ៊ុំស្រីអ្នកលក់ស្រាបៀរ ក៏ទៅផ្សារ ហើយរូបនាង ក៏ជួយមើល និងលក់ដូរឲ្យគាត់ ក្រោយមកស្រាប់តែជនសង្ស័យដដែលមកទិញចំនួនប្រាំកំប៉ុងម្តងទៀត រូបនាង ក៏ទារលុយ ស្រាប់តែជនសង្ស័យបានទាញកញ្ឆក់ស្រាបៀរពីរូបនាងហើយបានហៅនាងទៅយកលុយ ។
នារីរងគ្រោះបានបន្តទៀតថា ពេលនោះ រូបនាងបានដើរតាមដើម្បីទៅយកលុយដល់ក្នុងផ្ទះ ដែលគេទុកចោល ស្រាប់តែជនសង្ស័យខាងលើបានស្ទុះមកចាប់កដៃរបស់នាង ទាញចូលក្នុងផ្ទះនោះ តែសំណាងបានសន្តិសុខ និងអ្នកបោសសំអាតថ្នល់ឃើញ បានស្រែក និងនាំគ្នាមកជួយ និងចាប់ជនសង្ស័យយកមកប្រគល់ឲ្យនគរបាល ។ ក្រោយមក នគរបាលបានបន្តទៅចាប់បក្ខពួកគេពីរនាក់ទៀត ។
ជនសង្ស័យដែលចាប់ជនរងគ្រោះឈ្មោះ ឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងបក្ខពួកពីរនាក់ទៀត ត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលសង្កាត់មិនភាព ដើម្បីសាកសួរ ៕ ស សម