ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ សង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ សម្រេចចិត្ដចងក ធ្វើអត្ដឃាត ក្នុងរោងមាន់ក្រោយផ្ទះគួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ត្រូវបានកូនប្រទះឃើញចងក.ស្លាប់នៅក្នុងរោងមាន់ ដោយសង្ស័យតូចចិត្ដនឹងខ្លួនឯងមានជំងឺប្រចាំកាយព្យាបាលពុំជា ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតខ្លួនឯងស្លាប់ឈ្មោះ ជិន ស្រេង ភេទប្រុស អាយុ៧១ឆ្នាំ ជាតិខ្មែរ (មានជំងឺប្រចាំកាយ) មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមបំភ្លឺរបស់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជំងឺប្រចាំកាយ អស់រយះពេលជាយូរមកហើយ ហើយរកគ្រួពេទ្យព្យាបាលដែរ តែព្យាបាលពុំជាសះស្បើយទេ រហូតមកដល់យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ជនរងគ្រោះបានសម្រាននៅលើគ្រែ ក្រោមផ្ទះ ដោយមានកូនស្រីឈ្មោះ ស្រេងថាវ ជាអ្នកមើលថែ លុះមកដល់ម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមិថុនា ស្រាប់តែកូនស្រីភ្ញាក់ឡើងមិនឃើញឪពុកនៅលើគ្រែ មានការងឿងឆ្ងល់ ក៏ដើររកមើល នៅឯរោងមាន់ក្រោយផ្ទះ ស្រាប់តែឃើញឪពុកចងក.នឹងក្រម៉ាស្លាប់បាត់ទៅហើយ ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ ដើម្បីពិនិត្យ សាកសពជនរងគ្រោះ ។

បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏មកធ្វើកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងនគរបាលជំនាញស្រុក ដោយមានការចូលរួមពីប្រធានមណ្ឌលសុខភាពឃុំ, ក្រុមប្រឹក្សាឃុំ, អនុភូមិ ពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតខ្លួនឯងប្រាកដមែន ។ ក្រោយពីពិនិតរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ ស្អាងជ័យ


ចែករំលែក៖