ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីឥណ្ឌា រេចង្កូតបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវបានម៉ូតូកង់បីឥណ្ឌាបើកល្បឿនលឿន រេចង្កូតមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរប្រុសស្រី៣នាក់របួសធ្ងន់ស្រាល ។ ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១៥នាទី ស្ថិតក្នុងភូមិអរិយក្យត្រ ឃុំ អរិយក្យត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ សាយ សំ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតាជោ ឃុំសារិការកែវ ស្រុក ល្វាឯមខេត្តកណ្តាល (រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ- 5938 ទី២-ឈ្មោះ ថន ណុន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់ជាអ្នករួមដំណើរ) និង៣-ឈ្មោះ ចាន់ វុទ្ធី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ (រងរបួសស្រាលជាអ្នករួមដំណើរ) ។ ស្រ្ដីរងគ្រោះជាអ្នករួមដំណើរទាំង២នាក់មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកម៉ូតូកង់បីឥណ្ឌា ពណ៌សរ ពាក់ស្លាកលេខ កណ្តាល ត1AE-7659 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំងប្រុសស្រីទាំង៣នាក់ ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ខណៈកំពុងបើក មកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា បើកបរដោយល្បឿនលឿន បានរេចង្កូតមកឆ្វេង មកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះប្រុសស្រី២នាក់រងរបួសធ្ងន់ និងមនុស្សស្រីម្នាក់ទៀតរងរបួសស្រាល រីឯអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងនគរបាលចុះពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញបានបញ្ជាក់ថា ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូកង់បីឥណ្ឌា បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានជារេចង្កូតទៅឆ្វេង បុកម៉ូតូម្ខាងទៀត ៕​ស្អាងជ័យ


ចែករំលែក៖