ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកខ្លួនឯង ព្រោះមានជំងឺប្រចាំកាយមើលមិនជា ។ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ នួន សាវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានមនុស្សចងកធ្វើអត្តឃាត ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយការចងកធ្វើអត្តឃាតព្រោះមានជំងឺប្រចាំកាយ ។
បច្ចុប្ប្នន្ន សពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់ ៕ តុង សីហា