ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រទះឃើញប្រអប់ដៃ ជើង មនុស្សនៅមាត់ទន្លេ និងកូនស្រីប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ គឺជាករណី ឃាតកម្ម មិត្តភក្តិ សម្លាប់មិត្តភក្តិ

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយ ស្របពេលដែលប្រជាពលរដ្ឋប្រទះឃើញប្រអប់ដៃជើងមនុស្សនៅមាត់ទន្លេ នោះគឺជាករណី ឃាតកម្ម មិត្តភក្តិ សម្លាប់មិត្តភក្តិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង និងបាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់ ។

រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួននោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ ។

តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ុំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ ។

ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង ។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឲ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផង ៕ ជ្រោយពេជ្រ


ចែករំលែក៖