ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនាពេលកន្លងមក បានម្នាក់កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ពៅ ពេជ្រ ហៅ ពេជ្រ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ ៦៥ ផ្លូវលំ ក្រុម២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាមុខសញ្ញាចាស់ទើបចេញពីពន្ធធនាគារបាន៣ខែ ដោយជាប់គុកមួយឆ្នាំពីបទឆក់) ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ កាលពីរសៀថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបដៃបានសម្រេចពីបុរសម្នាក់ នៅចំណុចផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយធ្វើសកម្មភាពជនរងគ្រោះបានមកដាក់បណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងយោងតាមកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចកំណត់បានមុខសញ្ញាខាងលើ លុះដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចឃើញជន

សង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាក NEX||ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HQ-7089 តាមដងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏ឃាត់ខ្លួនតែម្តង ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យរូបនេះតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ អ្នកដំណើរតាមផ្លូវភាគច្រើន នៅចំណុចផ្លូវភ្នំពេញ ហាណូយ មុខធនាគារជាតិ និងម្តុំផ្សារអុីអន ផ្លូវ១០០៣ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖