ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធាម្នាក់ សង្ស័យស្រវឹងស្រាជិះម៉ូតូ TODAY ទៅបុកទ្រូងផ្លូវរងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យកណ្ដាលម្នាក់ដែល​គេស្គាល់ថា​ ជា​មន្ត្រី​ យោធា បានជិះម៉ូតូ​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំ ក៏ជ្រុលទៅបុក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យរងរបួស​ធ្ងន់​ខ្លួន​ឯង​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍នេះដែរ​ បានកើតឡើង​ នៅ​វេលាម៉ោង​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ត្រង់ចំណុចផ្លូវ​លេខ១៩៣​ កែងនឹង​ផ្លូវ​ម៉ៅសេងទុង​ ក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

បុរស​រងគ្រោះ​មានឈ្មោះ​ សេង​ ចាន់ធារី​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខ​របរ​ យោធា​ មាន​ស្រុកកំណើត​ ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ ឃុំ​កន្តួត​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ ជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស​ អត់មាន​ស្លាកលេខ​ ។

តាម​ប្រភព​ព័ត៌មាន​ ពីកន្លែង​កើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាងលើ​ មិនដឹងថា​ មានគោលបំណង​ទៅ​ណានោះទេ​ គឺ​បានជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាម​ផ្លូវ​ ម៉ៅសេងទុង​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ខណៈមកដល់​ចំណុចកើត​ ដោយ​សង្ស័យ​អ្នកបើក​ម៉ូតូ​ ស្រវឹង​ស្រាផងនោះ​ ទើប​បណ្ដាល​ឲ្យ​រេចង្កូត​ ជ្រុលទៅបុក​នឹង​ ក្បាលនាគ​ ពុះ​ចែកផ្លូវពេញទំហឹង​ បណ្តាលឲ្យ​បុរស​រូបនោះ​ ហោះ​ផ្លោង​ ទៅ​ផ្លូវ​ម្ខាងទៀត​ បែក​មាត់​សន្លប់​ស្តូក​បាត់​មាត់​ បាត់​ក​តែម្តង​ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ របស់​គ្លីនិក​ ឯកជន​ បាន​ដឹក​យក​ទៅ​ធ្វើ​ការ​សង្គ្រោះ​ ។

ក្រោយ​ពេលកើតហេតុ​ នៅសល់​តែ​ម៉ូតូ​របស់​ជនរងគ្រោះ​ ដែល​រង​ការខូចខាត​តិចតួច​ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុកនៅ​ ប៉ុស្តិ៍នគបាល​ទំនប់ទឹក​ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖