ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនី រោងចក្រសាន់រ៉ាយស៍ ជិត២០០០នាក់ ធ្វើកូដកម្មដោយចោទថៅកែរំលោភលើសិទ្ធិកម្មករ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្មករ កម្មការិនី រោងចក្រ សាន់រ៉ាយស៍ ជិត២០០០នាក់ ដែលស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប បានធ្វើកូដកម្មសុំទាមទារដំណោះស្រាយ១១ចំណុច ពីថៅកែរោងចក្រ ។

បើតាមតំណាងកម្មករបានឲ្យដឹងថា សំណើ១១ចំណុចរួមមាន៖ ១.សូមឲ្យមានតំណាងកម្មករដើម្បីសម្របសម្រួលការងាររបស់កម្មករកម្មការនី ២.ថ្ងៃអាទិត្យសូមកុំបង្ខំកម្មករឲ្យធ្វើការថែមម៉ោង ត្រូវធ្វើការតាមស្ម័គ្រចិត្តនិងថ្ងៃបុណ្យទានសុំប្រាក់បន្ថែម១ភាគ៣ នៃប្រាក់គោល ៣.សុំបន្ថយចំនួនផលិត ៤. សូមគោរពសិទ្ធិកម្មករផង ៥. សុំច្បាប់កុំតឹងតែងពេក ៦. សូមឱ្យមានសហជីពនៅក្នុងរោងចក្រ ៧.សូមឱ្យមានម៉ោងសម្រាកបាយថ្ងៃត្រង់ ៨.សូមកុំបញ្ឈប់អ្នកតវ៉ាក្នុងការិយាល័យ ៩.សូមគិតលុយវេនយប់ពេលថ្ងៃខុសគ្នា ១០.សូមឱ្យអ្នកពោះធំនិងអ្នកសម្រាលកូនចេញមុនម៉ោងធ្វើការកុំបញ្ឈប់ពួកគាត់ ១១.សុំឲ្យមានលុយសុខភាព០៥ដុល្លារក្នុងមួយខែ ។

ប្រភពបន្តបានឲ្យដឹងទៀតថា មូលហេតុនាំឲ្យកម្មករ កម្មការិនីផ្ទុះធ្វើកូដកម្មមិនចូលធ្វើការនេះ ដោយសារថៅកែរោងចក្រសាន់រ៉ាយស៍ ដែលជាជនជាតិចិនបានរំលោភលើសិទ្ធិកម្មករ ហើយពេលតំណាងកម្មករធ្វើការតវ៉ាថៅកែរចិនរូបនោះបានវាយទៅលើកម្មករម្នាក់ ដោយចោទថាកម្មកររូបនោះញុះញង់កម្មករ កម្មការិនី ឲ្យតវ៉ា និងគំរាមកំហែងដល់កម្មករ ដែលតវ៉ាថានិងបញ្ឈប់ការងារ ។

ប្រភពពីកម្មករដដែលបន្តទៀតថា នៅក្នុងរោងចក្រសាន់រ៉ាយស៍ គ្មានតំណាងកម្មករទើបពិបាក សម្របសម្រួលនៅពេលមានវិវាទ ឬមានករណីរំលោភលើសិទ្ធិរបស់កម្មករ ទើបទាមទារសុំឲ្យគណកម្មការដោះស្រាយវិវាទនៃក្រសួងការងារ ជួយដោះស្រាយនិងសូមទាមទារគោលការណ៍ដែលជាសិទ្ធិរបស់កម្មករកម្មការិនីចំនួន១១ចំណុចខាងលើ ដើម្បីការពារសិទ្ធិកម្មករកម្មការិនី ក៏ប៉ុន្តែភាគីថៅកែចិនមិនយល់ព្រម ។

ទាក់ទងករណីកម្មករកម្មការនីធ្វើកូដកម្មនេះដែរ លោក នួន សំបូរ នាយការិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បានមានប្រសាសន៍តាមទូរស័ព្ទនៅវេលាម៉ោង២និង៥០នាទីរសៀលនេះថា ការសម្របសម្រួលដោះស្រាយវិវាទរបស់គណៈកម្មការដោះស្រាយវិវាទមិនទាន់ទទួលលទ្ធផលអ្វីនៅឡើយ ៕ យឹម សុថាន


ចែករំលែក៖