ខេត្តពោធិ៍សាត់៖ រថយន្តដឹកឈើរបស់ចែអូន ឈ្មួញរកស៊ីល្បីឈ្មោះនៅខេត្តពោធិ៍សាត់ បានបុកបារ៉ាស់កម្លាំងសមត្ថកិច្ចនៅស្រុកវាលវែងព្យាយាមបើករត់រហូតដល់ស្រុកភ្នំក្រវាញ ទើបសមត្ថកិច្ចចាប់បាននៅវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រភពបានរាយការណ៍ថា រថយន្តដឹកឈើរបស់ចែអូន ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-1165 ដែលមានអ្នកបើកបរ និងកម្មករ៣នាក់ ត្រូវបានសមត្ថកិច្ចចំរុះចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែងចាត់ការ។
ចែអូនគឺជាឈ្មួញរកស៊ីឈើដ៏ល្បីឈ្មោះមួយរូបនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ កម្លាំងសមត្ថកិច្ចស្រុកវាលវែង បានឃាត់រថយន្តចែអូន នៅចំណុចអូរលាក់មាស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ប៉ុន្តែអ្នកបើកបររថយន្តដឹកឈើនោះមិនព្រមឈប់ ហើយបានបុកបារ៉ាស់សមត្ថកិច្ច ព្យាយាមបើករត់មកដល់ទឹកដីស្រុកភ្នំក្រវាញ ទើបស្ទាក់ចាប់បាន ។ ប្រភពពីមន្ត្រីនគរបាលបានរាយការណ៍ថា អ្នកបើកបរ និងកម្មករទាំង៣រូប ហាក់បីដូចជាមិនញញើតកម្លាំងមានសមត្ថកិច្ចនោះឡើយ ។ ពេលនេះ ពួកគេទាំងបីនាក់ត្រូវបានសមត្ថកិច្ចឃាត់ និងត្រួតពិនិត្យមើលទឹកនោម ព្រោះសង្ស័យថា មានប្រើប្រាស់គ្រឿងញៀន ទើបពួកគេក្លាហានបើករថយន្តមិនខ្លាចសមត្ថកិច្ចយ៉ាងដូច្នេះ ។
គេរាយការណ៍ថា ចែអូនមិនញញើតចំពោះអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ បើទោះបីជាសមត្ថកិច្ចខ្លះមិនពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងបញ្ហាបទល្មើសព្រៃឈើជាមួយចែអូនក៏ដោយ ។ របររកស៊ីរបស់ចែអូន យូរឆ្នាំមកហើយ សមត្ថកិច្ចខ្លះដែលយល់ចិត្ត គឺបានត្រឹមតែលូកដៃសុំលុយចាយ ប៉ុន្តែអ្នកដែលខ្លាំង គឺបានត្រឹមតែអត់ប៉ុណ្ណោះ ។ គេនិយាយថា ចែអូនមានខ្នងបង្អែករឹងមាំនៅឯថ្នាក់ខេត្ត ទើបបានជាមិនញញើតសមត្ថកិច្ចនៅតាមស្រុក ។
មកដល់ពេលនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកវាលវែង កំពុងបន្តនីតិវិធីដែលចាប់បានរថយន្តខាងលើ រីឯបុរសជាអ្នកបើកបរ និងកម្មករទាំង៣រូបត្រូវបាននាំទៅពិនិត្យមើលទឹកនោម ព្រោះសង្ស័យថាមានសារធាតុញៀន ។ មិនមានប្រភពណាដែលអាចបញ្ជាក់បានថា តើចែអូន ដែលជាម្ចាស់ឈើត្រូវចាត់វិធានការយ៉ាងណានោះទេ? ទំនងជាអាចត្រឹមពិន័យបន្តិចបន្តួច ដើម្បីជាឱកាសឲ្យចែអូនបានបន្តរបររកស៊ីជួយចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញទៀត ៕ ប៉ឹម ពិន