ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ ពន្លឿនការដ្ឋានស្ដារប្រឡាយ និង ដាក់លូមេ ដើម្បីរំដោះទឹកភ្លៀងនៅ សង្កាត់កាកាបទី១, ទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខណៈតំបន់នេះ នៅតែប្រឈមនឹងការលិច លង់ដោយជំនន់ទឹកភ្លៀង ពេលដែលភ្លៀងធ្លាក់ម្ដងៗ ក្នុងរដូវវស្សា ។ ដំណើរចុះពិនិត្យការដ្ឋាននេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃព្រហស្បតិ៍ ១១កើតខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដើម្បីរំដោះការលិចលង់ដោយ ជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញក្រោម ការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យស្ដារប្រឡាយ និងការដាក់លូ ដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់មួយចំនួននៅក្នុងសង្កាត់ចោមចៅ៣,សង្កាត់កាកាប១ កាកាប២ និងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ ។ លោកបន្ដថា៖ ដើម្បីឲ្យដំណើរការនៃការស្តារឡាយ និងការដាក់លូ ដំណើរការទៅបានរលូន និងរួចរាល់ទៅតាមផែនការ និងទៅតាមលក្ខណៈបច្ចេកទេសផងនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះមកពិនិត្យ ដើម្បីពន្លឿនការដ្ឋាននេះ ។
លោកក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែល មានលំនៅដ្ឋាន មិនរៀបរយមួយចំនួនសូមបងប្អូនមេត្ដាយោគយល់ និងរំកិលពេល ការដ្ឋាននេះ ធ្វើប៉ះចំផ្ទះបងប្អូននោះ ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរដែនដីធ្វើសេចក្តីជូនដំណឹង ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងជាមុន និងស្មាគ្រ័ចិត្ដរុះរើលំនៅ ដ្ឋានរបស់ខ្លួនចេញពីលើខ្នងប្រឡាយលូ ដើម្បីឲ្យមន្ត្រីជំនាញក៏ដូចជា មន្ទីរជំនាញ ងាយស្រួលក្នុងការស្ដារប្រឡាយលូមេ មួយខ្សែនេះផងដែរ ។ ដោយឡែករោងចក្រមួយកន្លែង ស្ថិតនៅក្នុង ភូមិត្រពាំងជ្រៃ ត្រូវបាន ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំឲ្យអាជ្ញាធរដែនដីជម្រុញឲ្យ រោងចក្រខាងលើធ្វើការ ដាក់លូទំហំ២ម៉ែត្រ ជំនួសលូចាស់ដែលមានទំហំត្រឹមតែ ៨តឹក ប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ទៅប្រឡាយមេស្ថិតនៅ ភូមិចំការឪឡឹក ។ បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ ក៏ និងមានគម្រោងបន្ថែមដាក់លូមេទំហំ២ម៉ែត្រប្រវែង១១៧០ម៉ែត្រថែមទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រឡាយមេមួយខ្សែនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកភ្លៀង ចេញពីខណ្ឌពោធិ៏សែនជ័យ និងខណ្ឌសែនសុខ ដោយមិនឲ្យទឹកហូរចូលទៅក្នុងទីលាន អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។ ប្រឡាយមេមួយខ្សែនេះ និងជួយ រំដោះទឹកមិនឲ្យទឹកភ្លៀងលិចលង់នៅសង្កាត់កាកាបទី១, ទី២ និងសង្កាត់គោកឃ្លាង,ភូមិត្រពាំងជ្រៃ, ភូមិត្រពាំងពោធិ៍, ព្រៃព្រីងខាងជើង, ភូមិព្រៃទា, សង្កាត់ ចោមចៅ៣ និងមួយផ្នែកទៀតរំដោះទឹកនៅក្នុងខណ្ឌសែនសុខ មួយផ្នែកធំផងដែរ ៕ សំរិត