ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីបុរសម្នាក់ដែលកំពុងតែជិះម៉ូតូរ៉ឺម៉កកង់បី(ឥណ្ឌា) បានសម្រេច តែត្រូវម្ចាស់រ៉ឺម៉កដេញបុកឃាត់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហ្វាន ហ្សុីងជេ ភេប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះលេខ៤៦ បុរីប៉េងហួត ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ខមានជ័យ ។ ចំណែកជនសង្ស័យមានឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរ៉ឺម៉កកង់បីឥណ្ឌាចេញពីមន្ទីរពេទ្យហុងអិន តាមផ្លូវមុនីរ៉េត សំដៅទៅផ្ទះរបស់ខ្លួន ខណៈជិះមកដល់ចំណុចកើតហេតុខាងលើក្បែរការ៉ាសសាំងកាល់តិច ផ្លូវមុនីរ៉េត ក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ដោយ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច មកក្បែរ៉ឺម៉កកង់បីរបស់គាត់ ហើយ២នាក់ទៀតបានបិទគូទពីក្រោយ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃរបស់ជនរងគ្រោះបានសម្រេច ស្រាប់តែពេលនោះម្ចាស់ម៉ូតូកង់បីបានបើកដេញហើយបានកៀរម៉ូតូជនសង្ស័យឲ្យដួលស្របពេលនោះកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ១បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋានឃើញហេតុការណ៍នោះបានដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿងម៉ាកនិចពណ៌ស ស្លាកលេខ កណ្តាល1W 7705 យកមករក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១ ដោយម្នាក់ទៀតបានរត់គេចខ្លួន ចំណែកគ្នាវា ដែលជិះម៉ូតូមួយគ្រឿងទៀតដែលបិទគូទពីក្រោយក៏បានរត់គេចបាត់ផងដែរ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ