អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា ពិភពលោក មិនអាច ទទួលយកបាននូវសង្គ្រាមទ្រង់ទ្រាយធំ ក្នុងតំបន់ឈូងសមុទ្រ ក្រោយនាវាដឹកប្រេង ពីរគ្រឿង រងការវាយប្រហារ បណ្តាលឲ្យផ្ទុះឆេះ។
លោក Antonio Guterres បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំពិភាក្សាទៅលើ ករណីនាវាដឹកប្រេងពីរគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រ អូម៉ង់។ លោកបញ្ជាក់ថា យើងនឹងធ្វើឲ្យច្បាស់នូវករណី វាយប្រហារខាងលើ ដែលជាចំណុចធ្វើឲ្យមានសង្គ្រាម ឈូងសមុទ្រទ្រង់ទ្រាយធំ ។
នាវាដឹកប្រេង២គ្រឿង ដែលកំពុងធ្វើដំណើរនៅលើដែនទឹកអន្តរជាតិ ស្រាប់តែទទួលរងនូវការបាញ់ប្រហារតែម្តង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតច្រកសមុទ្រពែក្ស ។ នាវាទាំងនោះ គេមិនដឹងថា ជានាវាដឹកប្រេងរបស់ប្រទេសណានោះឡើយ ។ អាមេរិកបានដាក់បន្ទុកបញ្ហានេះ ថា ទង្វើវាយប្រហាររបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបែបណានោះទេ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា រដ្ឋាភិបាលអាមេរិកបានចាត់ទុកថា អ៊ីរ៉ង់គឺជាអ្នកដែលបានវាយប្រហារទៅលើនាវាដឹកប្រេងពីរគ្រឿង នៅជិតចក្រសមុទ្រពែក្ស ហើយថា នេះជាសកម្មភាពថ្មីៗបំផុត អំពីការបង្ករឿងហេតុរបស់អ៊ីរ៉ង់ ដែលអាច នាំឲ្យស្ថានការតានតឹងធ្ងន់ធ្ងរបន្ថែមទៀតនៅក្នុងតំបន់ ។
លោក Mike Pompeo បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោនថា អាមេរិកមានអំណះអំណាងមួយថា អ៊ីរ៉ង់គឺជាអ្នកវាយប្រហារទាំងនេះ ដែលជាហេតុបង្ខំឲ្យមានជម្លៀសនាវិក ពីក្នុងដែនទឹកអន្តរជាតិនោះ ។ អំណះអំណាងនេះ ដោយផ្អែកលើមូលដ្ឋានកិច្ចស៊ើបការណ៍ និងក្រុមជំនាញទាក់ទងនឹងការវាយប្រហារនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការកត់សម្គាល់ថ្មីៗរបស់អាមេរិក នៅក្នុងតំបន់ អ៊ីរ៉ង់គឺជាអ្នកដែលត្រូវបន្ទោស ។ ការវាយប្រហារស្រដៀងនេះ បានកើតឡើងនៅក្នុងតំបន់ កាលពីខែឧសភា ឆ្នាំ២០១៩ផងដែរ គឺការបំផ្ទុះគ្រាប់បែកបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ។
លោក Pompeo បានថ្លែងថា: សរុបសេចក្តីមក ការវាយប្រហារដោយគ្មានហេតុផលទាំងនេះ ជាការបង្ហាញយ៉ាងច្បាស់ លើការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាពអន្តរជាតិ ។ នេះជាការវាយប្រហារដោយឥតលាក់លៀម ចំពោះសេរីភាពការធ្វើនាវាចរណ៍ និងជាយុទ្ធនាការមួយ ដែលមិនអាចទទួលយកបានពីអ៊ីរ៉ង់ ។
លោករដ្ឋមន្ត្រីបន្តថា អាមេរិកគ្រោងនឹងលើកករណីនេះ នៅឯអង្គប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ អាមេរិកនឹងការពារកងកម្លាំង និងអត្ថប្រយោជន៍ ព្រមទាំងសម្ពន្ធមិត្តរបស់ខ្លួន ប្រចាំនៅតំបន់មជ្ឈិមបូព៌ា ។ លោក Pompeo មិនបានផ្តល់ព័ត៌មានលម្អិតទៀតនោះទេ ។
ស្ថានការណ៍តានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនកម្តៅខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបានប្រកាសដាក់ទណ្ឌកម្មជាថ្មីទៅលើអ៊ីរ៉ង់ ធ្វើឲ្យប្រទេសអិស្លាមមួយនេះទទួលរងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ។
កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ និងកងកម្លាំងយោធាទៅកាន់តំបន់ឈូងសមុទ្រពែក្ស ដើម្បីត្រៀមឆ្លើយតបចំពោះអ្វីដែលអាមេរិកមើលឃើញថា ជាការគំរាមកំហែងពីអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩បានថ្លែងថា អ៊ីរ៉ង់កំពុងតែដាក់ពង្រាយនាវាតូចៗ ដែលមានសមត្ថភាពបាញ់មីស៊ីលថែមទៀតផង ជាសកម្មភាពមួយ ដែលអាមេរិកមិនអាចនៅស្ងៀមបានទៀតទេ ៕