ខេត្តកណ្ដាល៖ យុវជនម្នាក់ ឃើញគេឌុបស្រីស្នេហ៍ដែលជាអតីតសង្សាររបស់ខ្លួន ទប់ចិត្តមិនបានស្ទុះទៅធាក់ម៉ូតូគេដួល រួចវាយមួយដៃ ត្រូវបក្ខពួកគេ៥នាក់ ព្រួតវាយវិញ បណ្ដាលឲ្យរងរបួសសន្លប់ស្តូក ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចមុខហាងអ៉ិនធើណេត៩៩ ស្ថិតក្នុងភូមិថ្មី១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បុរសរងគ្រោះដែលគេវាយសន្លប់នោះ ឈ្មោះ ស៊ីម សាមុត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា៥នាក់ ទី១-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) និង៤នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យខាងលើ បានឌុបស្រីស្នេហ៍ ដែលជាអតីតស្រីស្នេហ៍របស់ជនរងគ្រោះឈ្មោះ ស៊ីម សាមុត ដែលបានបែកបាក់គ្នាអស់មួយរយះមកហើយ ខណៈឌុបដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានឃើញគេឌុបដែលជាអតីតសង្សាររបស់ខ្លួន មានចិត្តប្រច័ណ្ឌខឹង ក៏បានស្ទុះទៅធាក់ម៉ូតូជនសង្ស័យ បណ្តាលអោយដួល និងបានវាយថែមមួយដៃចំស្មារខាងឆ្វេង ធ្វើអោយជនសង្ស័យខឹង ក៏បានវាយតបវិញ ហើយបក្ខពួកជនសង្ស័យ៤នាក់ទៀតដែលកំពុងលេងណេតនៅទីនោះបានចេញមកព្រួតគ្នាវាយទាត់ធាក់បន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះដួលលើដីសន្លប់ស្តូក ទើបជនសង្ស័យ និងបក្ខពួករត់គេចខ្លួនបាត់អស់ទៅ ។
លុះដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ច បានទទួលបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កែវ ពិសិដ្ឋ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ