ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទបញ្ជាប្រធានមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​សាបឈឹង

ចែករំលែក៖

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលជិត២សប្ដាហ៍ដើមខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមឈ្មួញទាំងធំទាំងតូចនៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដោយមិននៅកន្លែងធ្វើការទេ គឺចាំទទួលតែទូរស័ព្ទពួកឈ្មួញ​ប៉ុណ្ណោះ ។ មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មួយចំនួនបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ទេនោះគឺលោក សួស សុផានិត មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ។ ក្នុងនោះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដីនៅតែឈរជើងប្រមូលទិញឈើដឹកជញ្ជូនចេញពីស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកព្រោះអាងមានលោក សួស សុផានិត ជាបង្អែកដ៏រឹងមាំហើយក៏មានការបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ។

ប្រភពដែលស្និទ្ធនឹងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានឲ្យដឹងថា ឈ្មួញមួយចំនួនអាចប្រមូលទិញឈើ និងអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូនដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សួស សុផានិត ហើយបង់លុយតាមការកំណត់។ ទន្ទឹមនឹងនេះម្ចាស់រោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងក្នុងស្រុកភ្នំក្រវាញ អាចបន្តអាជីវកម្មរបស់ពួកគេយ៉ាងសុខស្រួលដោយសារមានការសម្របសម្រួលពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងពីសំណាក់លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ។ ទាំងលោក សួស សុផានិត និងលោក ពាក្យ មនោ តែងយកឈ្មោះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មកប្រើដើម្បីការពារទង្វើរបស់ពួកគេយ៉ាងក្រអឺតក្រទមបំផុត។

ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ បានបង្ហើបឲ្យដឹងថា ពួកគេត្រូវបង់លុយឲ្យលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ តាមការកំណត់ទើបអាចចៀសផុតពីការបង្ក្រាប ហើយដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ថ្មីៗនេះទំនងជាលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ចង់ដើរខ្សែលើលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ទើបលោក ឡាយ វិសិដ្ឋ កោះហៅលោក សួស សុផានិត ទៅសួរនាំដល់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ តែម្តង។ ចំណែកថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក៕


ចែករំលែក៖