ភ្នំពេញ៖ តារាសម្តែង និងចម្រៀងកញ្ញា អ៊ុន អាលីហ្សាធ្លាប់ប្រកាសស្នេហ៍បើកចំហរជាមួយបុរសក្នុងស្រុកជាថៅកែហាងកាហ្វេម្តងរួចមកហើយ ប៉ុន្តែត្រូវបានបែកគ្នាអស់ជាច្រើនឆ្នាំ ។ នាងបានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ កាលពីថ្មីៗនេះស្របពេលដំណឹងចូលរោងការកាន់តែកៀកជាមួយបុរសអាណិកជនមកពីសហរដ្ឋអាមេរិកផងដែរ ។
ធ្លាប់ខកបំណងនឹងស្នេហាកន្លងមកបានធ្វើឲ្យអ៊ុន អាលីហ្សាផ្អាកគិតរឿងស្នេហ៍ និងសុខចិត្តទៅណាមកណាតែម្នាក់ឯង ។ ទោះជាយ៉ាងណាគេភ្ញាក់ផ្អើលក្រោយពេលគេបានឃើញវត្តមានបុរសម្នាក់បណ្តើរនាងយ៉ាងកៀកកិតហើយត្រូវបាននាងពោលពាក្យHoney ពេញៗមាត់ ។ កាន់តែភ្ញាក់ផ្អើលគឺក្រោយពេលដែលគេឃើញរូបថតPre-weddingជាច្រើនសន្លឹករបស់នាងនិងគូស្នេហ៍ថ្មីត្រូវបានបញ្ចេញជាបន្តបន្ទាប់ ។ នៅមិនទាន់បានការបញ្ជាក់ពីតារាស្រីរាងស្រឡូនរូបនេះបាននៅឡើយ ប៉ុន្តែយោងតាមប្រភពអ្នកជិតដិតនាងបានបញ្ជាក់ថា អាលីហ្សា បានរកស្នេហ៍ថ្មីជាបុរសអាណិកជនរស់នៅសហរដ្ឋអាមេរិក ។
ប្រភពថាពួកគេមានគម្រោងរៀបការឆាប់ៗនេះដែលសូម្បីតែរូបថតមុនរៀបការនោះក៏ត្រូវបានចេញទៅថតនៅខេត្តសៀមរាបរួចរាល់ហើយដែរ ប៉ុន្តែសម្រាប់ពេលជាក់លាក់នៃថ្ងៃមង្គលការ តារាស្រីរូបនេះនៅមិនទាន់ទម្លាយនៅឡើយ ។ ប្រភបបន្តថា នាងមានសំណាងដែលបានបុរសម្នាក់នោះមកធ្វើជាស្វាមី ព្រោះក្រៅតែពីរូបរាងសង្ហារ វ័យក្មេង និងមិនពាក់ព័ន្ធប្រវត្តិធ្លាប់មានប្រពន្ធកូន បុរសនោះក៏ជាអ្នកមានជីវភាពធូធារ និងចេញចូលស្រុកខ្មែរញឹកញាប់ផងដែរ ។
មានការលើកឡើងដែរថា កន្លងមកតារាស្រីរូបនេះធ្លាប់ខូចចិត្តនឹងស្នេហាជាច្រើន ប៉ុន្តែពេលនេះជាពេលដែលនាងមានក្តីសុខបំផុតហើយដែរ ។ ក្រោយរៀបការនាងគ្រោងនឹងចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយអនាគតស្វាមីផងដែរ ដោយសម្រេចចិត្តបោះបង់ការងារសិល្បៈចោល ៕ វឌ្ឍនា