ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ១ក្រុម លួចចាប់កូនគោអ្នកស្រុកច្រកការ៉ុង ដឹកតាមម៉ូតូបម្រុងយកទៅលក់នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានចោរលួចគោមួយក្រុម លួចចាប់កូនគោរបស់អ្នកស្រុក១ក្បាល មិនទាន់ឈប់បៅដោះមេផង ដែលមានទម្ងន់ប្រហែល៤០ទៅ៥០គីឡូក្រាម ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចចូលទៅឆក់ឱ្យដួល រួចចាប់វះពោះច្រកក្នុងការ៉ុង បម្រុងដឹកយកទៅលក់ដូរនៅក្នុងខេត្តបាត់ដំបង ខណ:ម្ចាស់ចងមេគោទុកចោលនៅ ក្បែរគុម្ពោតព្រៃ ពលរដ្ឋឃើញដឹកលើម៉ូតូខុសប្រក្រតី ក៏ស្ទាក់សួរ ស្រាប់តែទម្លាក់ការ៉ុងគោនោះចោល រួចបើកម៉ូតូយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។

អធិការនគរបាលស្រុកសាលាក្រៅបញ្ជាក់ឲ្យដឹងថា: នៅមុនពេលកើតហេតុ ម្ចាស់គោ ឈ្មោះ សួន ធា អាយុ៤០ឆ្នាំ រស់នៅ ភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដឹកមេគោរបស់គាត់យកទៅឲ្យផឹកទឹករួចក៏ដឹកយកមកចងនៅក្បែរព្រៃ ពេលនោះដែរម្ចាស់គោ ក៏ដើរមកផ្ទះវិញ. ស្រាប់តែមួយសន្ទុះក្រោយមកមានបងប្អូនអ្នកស្រុកបានឃើញក្រុមចោរមួយ ក្រុមកំពុងធ្វើសកម្មភាពយកកូនគោមួយក្បាលច្រកការុង ហើយលើកដាក់ម៉ូតូដឹកចេញបានប្រហែល៣០ម៉ែត្រ អកុសលអី អ្នកស្រុកម្នាក់គាត់ជិះម៉ូតូទៅទិញសាំង ស្រាប់តែឃើញក្រុមចោរជិះម៉ូតូដឹកការុងធំម្លេះក៏សង្ស័យ ជិះម៉ូតូទៅជិតការុងនៅលើម៉ូតូ ស្រាប់តែក្រុមចោរនោះ ទម្លាក់ការុងនោះចោលជិះម៉ូតូយ៉ាងលឿនគេចបាត់ ទើបធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងលឺដល់ម្ចាស់គោ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ដោយបើកបរម៉ូតូ១គ្រឿង ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះចូលទៅ ក្នុងខេត្តបាត់ដំបង ៕ ស សារ៉េត


ចែករំលែក៖