ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់តែងមានជម្លោះជាមួយប្រពន្ធ ផ្តើមឡើងពីការប្រច័ណ្ឌបានយកកាំបិតកាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលអំឡុងម៉ោង ប្រមាណ១និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ។
ជនសង្ស័យ ជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។
ប្រភពព័ត៌មានពីឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់ ។
តាមរយៈការរៀបរាប់ខាងលើនេះបញ្ជាក់ឲ្យដឹងថា មូលហេតុគឺផ្តើមចេញពីជម្លោះរឿងប្រច័ណ្ឌតែម្តង ។
ទោះយ៉ាងណា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនប្តីដែលជាឃាតក ខណៈរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ