ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនជាតិចិន១២នាក់ សង្ស័យបង្ខាំងធ្វើបាបរាងកាយជំរិតទារប្រាក់ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចាប់ជនជាតិចិន សង្ស័យបង្ខាំងជនជាតិចិនដូចគ្នាជំរិតទារប្រាក់កាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ពីរកន្លែង ផ្ទះសំណាក់សុផលថាវី និងផ្ទះសំណាក់លីហ៊ូវក្នុង ក្រុងប៉ោយប៉ែត ។

ចាប់ឃាត់ខ្លួន​ជនជាតិជនបានសរុបចំនួន​១២នាក់ ក្នុង ថ្ងៃតែមួយ ២ទី​តាំងផ្សេងគ្នា ពាក់ពន្ឋ័ទៅនឹងករណីប្រើហិង្សា ចាប់មនុស្សបង្ខាំងទុក ជំរិតទារប្រាក់ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ទីតាំងដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះមាន ផ្ទះសំ​ណាក់យី​ហោ ​«សុផលថាវី » ឃាត់បានជនសង្ស័យជាជនជាតិ ចិនបានចំនួន ៦​នាក់ រំដោះជនរងគ្រោះបាន១នាក់ រីឯមួយកន្លែងទៀត នៅផ្ទះសំណាក់ «លីហ៊ូវ» ឃាត់បានជនជាតិចិនបាន​ចំនួន៦​នាក់ រំដោះជនរងគ្រោះបាន២នាក់ ។

ពាក់ព័ន្ធករណីខាងលើ នៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនានេះ លោកព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បញ្ជាក់ថា ករណីនេះពិតជាមានមែន ដោយឃាត់ជនសង្ស័យជនជាតិចិន បាន១២នាក់ និងជួយជនរងគ្រោះជាជនចិនដូចគ្នាបាន០៣នាក់ផងដែរ ។

ដោយលោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង១២នាក់ខាងលើ កំពុង​សួរនាំ នៅអធិការ​ដ្ឋាននគរបាល ក្រុង​ប៉ោយប៉ែត ចំណែកជនរងគ្រោះត្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ៕ វណ្ណា


ចែករំលែក៖