ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានកសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យជនជាតិចិន១២នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រងការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ ។
ក្រោយពីកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិទាំងនោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សុផល ថាវី និផ្ទះសំណាក់លីហ៊ូវ ហើយរំដោះជនរងគ្រោះជនជាតិចិន៣នាក់ដោយសុវត្ថិភាព ។
ប្រតិបត្តិការបំបែកសំណុំរឿងបង្ខាំងមុស្សជំរិតទារប្រាក់ពីសំណាក់ជនជាតិចិនក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម និងដឹកបញ្ជាកម្លាំងប្រតិបត្តិការដោយស្នងការរងទទួលផែនការងារព្រហម្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ និងអធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ស្នងការរងទទួលផែនការងារព្រហម្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើអនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន ។
លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិនត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់និងធ្វើទារុណកម្មហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិនក្រោយពីក្រុមជនសង្ស័យឱ្យប្រាក់ទៅជនរងគ្រោះខ្ចីលេងល្បែងចាញ់អស់ប្រាក់និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះ ។ ជនរងគ្រោះរងការធ្វើទារុណកម្មបង្កឱ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះបញ្ជូនទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ១,ឈ្មោះ ឌូ ស៊ីងយុន ភេទប្រុសអាយុ២៩ឆ្នាំ ២,ធូលី ជូល ភេទប្រុសអាយុ១៨ឆ្នាំ និង៣,ធៀន ចាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តកាន់ ស៊ូ ប្រទេសចិន ៕ សំ វិច្ឆិកា