ភ្នំពេញ ៖ ដើម្បីចែករម្លែកចំណេះដឹង ពត៌មាន និងបទពិសោធន៍អំពីកាលានុវត្តភាពវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានិងគម្រោងអភិវឌ្ឍនានា អ្នកវិនិយោគិនចិននៅកម្ពុជា បានបបានបើកវេទិកាជជែកពិភាក្សាគ្នា ។
វេទិកាសន្ទនានេះរៀបចំឡើងដោយក្រុមហ៊ុន អ & អេហ្វ កម្ពុជា សហការជាមួយនឹងសភាពាណិជ្ជកម្ម ចិន-កម្ពុជា ព្រមទាំងសហគ្រាសធំៗនានានៅកម្ពុជាក្នុងពិធីសម្ពោធសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជាកាលពីរសៀលថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៩ ។
វេទិកានេះ ក៏បានផ្តោតលើការពិភាក្សាជុំវិញស្ថានភាពបច្ចុប្បន្ន នៃសេដ្ឋកិច្ចកម្ពុជានិង សក្ដានុពលនៃវឌ្ឍនភាពនាថ្ងៃអនាគត។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា ដៃគូសហការផ្នែកយុទ្ធសាស្ត្រ នៃសម្ព័ន្ធពាណិជ្ជករ ម្ចាស់អាជីវកម្មគ្រប់វិស័យ ប្រចាំនៅរាជធានីភ្នំពេញ បានអញ្ជើញជាវាគ្មិន និងចូលរួមក្នុងវេទិកានេះ។
លោក វ៉ាង ជីហាវ អគ្គនាយកនៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានចាក់ឫសនៅលើទីផ្សារកម្ពុជា។ គម្រោងបុរី អ & អេហ្វ និង គម្រោង អ & អេហ្វ ហ័រហ្វ៊ូ មិនត្រឹមតែជាសមិទ្ធផលដំបូងរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅក្នុងកម្ពុជា ប៉ុណ្ណោះនោះទេ តែក៏ជាគម្រោងដែលមានស្ដង់ដារខ្ពស់ អមដោយក្របខណ្ឌ អភិវឌ្ឍន៍ប្រទេស «ខ្សែក្រវាត់មួយផ្លូវមួយ» (One Belt One Road) របស់រាជរដ្ឋាភិបាល ដែលទទួលបានភាពជោគជ័យ យ៉ាងធំធេងកន្លងមកនេះ។
លោកក៏បានបញ្ជាក់ថា « ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានសហការជាមួយនឹងសភាពាណិជ្ជកម្ម ចិន-កម្ពុជា ព្រមទាំងសហគ្រាស មានឈ្មោះបោះសំឡេងនានា ដែលប្រចាំនៅកម្ពុជា បង្កើតឡើង នូវវេទិកាសន្ទនា សម្រាប់សម្ព័ន្ធពាណិជ្ជករកម្ពុជាគឺ ដើម្បីផាសុកភាពនាពេលបច្ចុប្បន្ន និងវឌ្ឍនភាព នាពេលអនាគតរបស់ពាណិជ្ជករចិននៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
អគ្គនាយកនៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានឱ្យដឹងទៀតថា:វាគ្មិន មកពី វិស័យជាច្រើន ក៏បានចែករំលែកបទពិសោធន៍រៀងៗខ្លួន អំពីការយល់ឃើញ និងទស្សនវិស័យ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ជាមួយគ្នានោះដែរ លោក វ៉ាង ជីហាវ បានឲ្យដឹងថា ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ក៏នឹងគ្រោងរៀបចំ វេទិកាពិភាក្សាបញ្ហាសេដ្ឋកិច្ច និងទីផ្សារជាប្រចាំ ដើម្បីដឹកនាំពាណិជ្ជករគ្រប់អាជីវកម្ម ឲ្យធ្វើការផ្ដោះប្ដូរព័ត៌មានគ្នា ទៅវិញទៅមក ក្នុងគោលបំណងពង្រីកបណ្ដាញខ្សែរយៈកាន់តែច្រើននិងពង្រឹងកំលាំងហិរញ្ញវត្ថុ ទីក្រុងភ្នំពេញឲ្យកាន់តែខ្លាំងផងដែរ ៕ ស តារា