ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបរឹបអូស ឈើកកោះ និងសុក្រម ជាច្រើនដុំ នៅតំបន់ បន្ទាត់ព្រំដែន ស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើប្រណីតប្រភេទកកោះ និងសុក្រមបានជាច្រើនដុំដែលក្រុមឈ្មួញទុច្ចរឹតបានដឹកជញ្ជូន យកមកលាក់ទុកបម្រុងដឹកបន្តទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសយកមករក្សារទុក ។

ប្រតិបត្តិការចុះបង្ក្រាបឈើខាងលើនេះធ្វើឡើងនៅវេលាម៉ោង២.៣០នាទីរសៀលថ្ងៃអាទិត្យ ១៤ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ការចុះបង្ក្រាបនោះ មានកម្លាំងសមត្ថកិច្ចចម្រុះ កម្លាំងអធិការនគរបាលស្រុកអណ្តូងមាស កម្លាំងនគរបាលប៉ុស្តិ៍ ឃុំញ៉ាងកម្លាំងអាវុធហត្ថ ស្រុកអណ្តូងមាស និងសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើ បាន២កន្លែងផ្សេងគ្នា ។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបទល្មើសព្រៃឈើនោះផ្ទាល់បានឲ្យដឹងថា ឈើប្រភេទកកោះ និងសុក្រម មានមុខកាត់ឡាំងបួនជ្រុងប្រវែង២,៥ម៉ែត្រ បានជាច្រើនដុំ ប៉ុន្តែមិនទាន់ប្រមូល និងរាប់ចំនួនដុំនៅឡើយទេ ។

ប្រភពដដែលបន្តថា ឈើដែលបង្ក្រាបរឹបអូសខាងលើនេះ សមត្ថកិច្ចចម្រុះបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីអនុវត្តបន្ត ។

ប្រភពពីតំបន់នោះថា ក្រុមឈ្មួញអ្នកដែលប្រមូទិញឈើនោះមានមុខដដែលៗទេ តែងដឹកជញ្ជូនឈើដោយលួចលាក់ទៅលក់នៅប្រទេសវៀតណាម ខណ:ដែលភូមិសាស្ត្រខាងលើនេះនៅឆ្ងាយពីទីប្រជុំជន ។

ថ្នាក់ដឹកនាំក៏នឹងកម្រទៅដល់ណាស់ ទើបឈ្មួញឆ្លៀតឱកាសលួចដឹកជញ្ជូនឈើបានយ៉ាង រលូនបែបនេះតែត្រូវប្រជាពលរដ្ឋរាយការណ៍ ក៏ឈានដល់មានការបង្ក្រាបតែម្តង៕ ជីវន្ត័


ចែករំលែក៖