ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដឹកឈើប្រណីត តាមម៉ូតូភ្លាត់ស្នៀត ដួលសង្កត់ចំក្បាលស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយសារជិះម៉ូតូដឹកឈើប្រណិត មានមុខកាត់យ៉ាងធំភ្លាត់ស្នៀតដួលសង្កត់ពីលើ ខណៈមានជាតិស្រវឹងក្នុងខ្លួនផងនោះ ។

ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ចំណុចភូមិស្រែអំពិលលើ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ប្រភពបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សុខ គឿន រស់នៅភូមិស្រែអំពិលក្រោម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ប្រភពបន្តថា ដើម្បីបានប្រាក់កម្រៃ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ​ ទើបជនរងគ្រោះបានដឹកឈើប្រភេទសុក្រម មួយដើមយ៉ាងធំចេញពីភូមិស្រែអំពិលលើ ទាំងខ្លួនមានជាតិស្រវឹង នៅឡើយផង លុះមកដល់កន្លែងកើតហេតុស្ថានភាពផ្លូវលំបាកខ្លាំងស្របពេលនោះម៉ូតូបានធ្លាក់ជង្ហុក បណ្ដាលឲ្យដួល ហើយក៏ត្រូវបានឈើសង្កត់ចំក្បាល ស្លាប់នៅនឹងកន្លែងនោះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិត្យ ធ្វើកោសល្យវិច័យឃើញថា ពិតជាបានស្លាប់ដូចហេតុការណ៍ខាងលើនោះ ពិតប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖