ខេត្តក្រចេះ៖ រថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង នៅក្នុងបរិវេណផ្ទះមេឈ្មួញល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ នៅក្នុងក្រុងក្រចេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្ម គ្រែ បានឡោមពទ្ឋ័ឆែកឆេរ សម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានរកឃើញ និងរឹបអូសយកមករក្សាទុកចាត់ការបន្ត ។
ការឆែកឆេរបង្ក្រាបរឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿងនេះ សមត្ថកិច្ចបានធ្វើឡើង នៅវេលាម៉ោង៥ ល្ងាចថ្ងៃចន្ច័ ១៥ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ភ្លាម ក៏បានដឹកនាំកម្លាំងចុះទីតាំងផ្ទះ មេឈ្មួញខាងលើដែលមានរថយន្តផ្ទុកឈើប្រណីតជាច្រើនគ្រឿង ចូលទៅលាក់ទុកនៅក្នុងបរិវេណនោះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង ។
សមត្ថកិច្ចបានបង្ហើបថា លំនៅឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ ដែលតែងតែធ្វើសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ពីខេត្តស្ទឹងត្រែងឆ្ពោះមកស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅតំបន់នោះ ។
ប្រភពបន្តថា រថយន្តដឹកឈើទាំង៨គ្រឿងនោះ បានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួលតែត្រូវខកខានទៅមិនដល់គោលដៅ ទើបគេចចូលលាក់ទុកក្នុងផ្ទះរបស់គេរង់ចាំឱកាសល្អបន្តនាំចេញឆ្ពោះទៅប្រទេសវៀតណាម តែត្រូវបែកការណ៍ទើបកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូសតែម្តង ។
ប្រភពថា នេះមិនមែនជាលើកទីមួយទេ ដែលកម្លាំងសមត្ថកិច្ច រួមនឹងស្ថាប័នអយ្យការ ដែលឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើមួយនេះ ហើយរាល់ការបង្ក្រាបទាំងអស់ សមត្ថកិច្ចតែងរឹបអូសបានរថយន្តដឹកឈើជាបន្តបន្ទាប់ដែរ តែ រហូតមកដល់ពេលនេះ មេឈ្មោះដ៏ល្បីម្នាក់នេះ នៅតែអាចធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាមួយនឹងក្រុមឈ្មួញវៀតណាមបានដដែលមិនខ្លាចរអាសមត្ថកិច្ចបនិចទាល់តែសោះ ។
រថយន្តដឹកឈើទាំង៨គ្រឿង ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានពេលនេះត្រូវរឹបអូសយកទៅរក្សា ទុកនៅថ្នាលបណ្ដុះកូនឈើខ្សារ បណ្តោះអាសន្នសិនរង់ចាំវាស់វែង និងចាត់វិធានការតាមច្បាប់ព្រៃឈើ ៕ ជីវន្ត័