ព័ត៌មានទាន់ហេតុការណ៍៖

យកឆ្នាំងសម្លមកកម្ដៅ ភ្លេចខ្លួនចេញទៅពេទ្យក្បែរផ្ទះ ស្រាប់តែខ្លោចឆ្នាំងហុយផ្សែងផ្អើលសមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានផ្សែងហុយទ្រលោមចេញពីចង្ក្រានផ្ទះបាយធ្វើឲ្យពលរដ្ឋរស់នៅជិតខាងនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ខណៈដែលម្ចាស់ផ្ទះយកឆ្នាំងសម្លរមកកម្ដៅ ភ្លេចខ្លួនចេញទៅទិញថ្នាំពេទ្យក្បែរផ្ទះ ស្រាប់តែខ្លោចឆ្នាំងបង្កជាផ្សែងតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៤ ក្នុងផ្ទះបុរីមួយកន្លែងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ដាំឆ្នាំសម្លរកម្ដៅលើចង្រ្កាន ហើយរវល់ទៅពេទ្យដើម្បីរកទិញថ្នាំ ដោយភ្លេចបិទហ្គាស ស្រាប់តែមួយស្ទុះក្រោយមកអ្នកជិតខាងមើលឃើញហុយៗ ចេញពីខាងក្នុងផ្ទះ ក៏ខលទូរស័ព្ទប្រាប់ម្ចាស់ផ្ទះហើយម្ចាស់ផ្ទះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចេញជួយធ្វើអន្តរាគមន៍តែម្តង ។

ក្នុងហេតុការណ៍នេះ គេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយពលរដ្ឋនាំគ្នាគាស់ទំម្លុះដំបូលស័ង្ហសី រួចចូលទៅបិទហ្គាស និងយកឆ្នាំងចេញក្រៅដើម្បីកុំឲ្យកើតមានអគ្គិភ័យផងដែរ ។

មូលហេតុ ដោយសារម្ចាស់ផ្ទះមានការធ្វេរប្រហែសក្នុងការដាំស្ល ៕ អារុណរះ


ចែករំលែក៖