ខេត្តពោធិ៍សាត់៖ មន្រ្ដីរាជការរួមទាំងប្រជាពលរដ្ឋទូរទាំងខេត្តពោធិ៍សាត់ មានទុក្ខដ៏មហាសែនក្រៀមក្រំ ខណៈយោមនសិការោ ព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ក៍ជាគ្រូបង្ហាត់សិល្បៈដ៏ឆ្នើម ១រូប ថែមទាំងជាអ្នកគ្រប់គ្រង នៅបូជនីដ្ឋានលោក ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានទទួលអនិច្ចកម្មដោយរោគាពាធ ។
ព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ បានទទួលអនិច្ចកម្មនៅវេលាម៉ោង១១ និង៣៩នាទី យប់ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់សព ស្ថិតក្នុង ភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
អាជ្ញាមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា យោមនសិការោ ព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្តពោធិ៍សាត់ ជាគ្រូបង្ហាត់ដ៏ឆ្នើមផងនោះ បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ សពតំកល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់សព ។
ប្រភពព័ត៌មានពីអាជ្ញាធរខាងលើបន្តទៀតថា សពដង្ហែពីគេហដ្ឋាននារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នេះ ឆ្ពោះទៅបូជានៅបូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតនៅ ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ សូមជូនដំណឹងនេះ និងជាការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាង កញ្ញា អតីតសិស្ស បងប្អូន ញាតិមិត្តជិតឆ្ងាយ ៕ បុឹម ពិន