ខេត្តបាត់ដំបង៖ ដីជម្រកព្រៃឈើក្នុងតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូតប្រមាណ១០០ហិកតាក្រោមការគ្រប់គ្រងការពារអភិរក្សពីមន្រ្តីបរិស្ថាន ស្ថិតនៅដីព្រៃភ្នំនៅចំណុចសែនចៅ ក្នុងស្រុកសំឡូតខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ បញ្ជាឲ្យអាជ្ញាធរដែនដី និងមន្រ្តីមន្ទីរបរិស្ថានខេត្តធ្វើលិខិតដកហូតដីទាំងនោះទុកជាដីរបស់រដ្ឋមកវិញបន្ទាប់ពីមានជនខិលខូចឈូសឆាយកាប់ទន្រ្ទានរំលោភយកធ្វើកម្មសិទ្ធិខុសច្បាប់ជាបន្តបន្ទាប់ខណៈដែលមានក្រុមកងវិស្វកម្មធ្វើផ្លូវក្រវ៉ាត់ព្រំដែនពីខេត្តបាត់ដំបង ប៉ៃលិន ឆ្ពោះទៅខេត្តកោះកុង ។
ការបញ្ជាឲ្យមានការដកហូតដីព្រៃតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូតទន្ទឹមដែលអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានចុះទៅត្រួតពិនិត្យកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះអំពីសកម្មភាពនៃការរុករានកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនៅចំណុចខាងលើបន្ទាប់ពីមន្ត្រីបរិស្ថានបានប្តឹងសុំការជួយអន្តរាគមន៍ទប់ស្កាត់នៃការឈូសឆាយកាប់ទន្រ្ទានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់នោះ គ្រាដែលសេចក្តីរាយការណ៍ឲ្យដឹងថា តំបន់ព្រំដែនក្នុងតំបន់នោះកំពុងមានការអភិវឌ្ឍកសាងផ្លូវតាមបន្ទាត់ព្រំដែនធ្វើឲ្យហាងឆេងដីកំពុងមានទីផ្សារ ។
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងលោក កត់ បូរ៉ាន់ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រុមអ្នកលួចកាប់ទន្ទ្រានយកដីដោយខុសច្បាប់នោះភាគច្រើនជាគ្រួសាររបស់កងកម្លាំងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងនោះមានអ្នកមានអំណាចមួយចំនួនតូចនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធបាននៅពីក្រោយនៃកម្មភាពនោះផងដែរ ។
លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងប្រាប់ឲ្យដឹងទៀតថាសកម្មភាពនៃការឈូសឆាយកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត ខាងមន្ទីរបរិស្ថាន ក៏ដូចក្រុមមន្រ្តីអភិរក្សបានយកចិត្តការពារទប់ស្កាត់ជាខ្លាំង ។ ប៉ុន្តែក្រុមជនខិលខូចទាំងនោះហាមឃាត់មន្រ្តីអភិរក្សមិនឲ្យទៅក្បែរនោះទេដោយយកលេសថាកាប់ព្រៃដោះមីនដើម្បីធ្វើផ្លូវក្រវ៉ាត់ព្រំដែនតែធាតុពិតកាប់ទន្ទ្រានព្រៃឈើយកធ្វើកម្មសិទ្ធិ ។ បញ្ហានោះមន្ទីរបរិស្ថាន ក៏បានប្តឹងរាយការណ៍ទៅដល់ក្រសួងបរិស្ថានឲ្យមានវិធានការទប់ស្កាត់ និងបានប្រជុំជាមួយខាង ភូមិភាគ៥ ដើម្បីទប់ស្កាត់ផងដែរ ។
លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងលោក កត់ បូរ៉ាន់ ប្រាប់ឲ្យដឹងទៀតថា ដីព្រៃអភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូតក្រោមការគ្រប់គ្រងការពារអភិរក្សរបស់បរិស្ថាន មានប្រមាណជាង ៥ម៉ឺនហិកតា ។ តំបន់ជម្រកព្រៃឈើប្រើប្រាស់ច្រើនយ៉ាងសំឡូត ក៏សំបូរដោយសត្វព្រៃច្រើនជាងគេបំផុត បើប្រៀបធៀប និងក្របខ័ណ្ឌទូទាំងប្រទេស ។ មន្រ្តីអភិរក្ស ក៏បានការពារទប់ស្កាត់យ៉ាងម៉ឺងម៉ាត់មិនឲ្យមានការបរបាញ់សត្វព្រៃនោះឡើយ ។
សូមបញ្ជាក់ថាខណៈដែល អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ចុះទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្រ្ទាន់ដីព្រៃរបស់រដ្ឋរំលោភយកដីធ្វើជាកម្មសិទ្ធិនៅចំណុចខាងលើកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនោះអភិបាលខេត្ត ក៏បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់មិនឲ្យមានសកម្មភាពកាប់ទន្រ្ទាន់យកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិខុសច្បាប់ទៀតនោះទេ ។ លោក ក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក មិនត្រូវផ្សំគំនិតឃុបឃិតលួចចេញលិខិតបង្កាន់ដៃណាមួយកាន់កាប់ដីធ្លីរបស់រដ្ឋនោះឡើយ ៕ សំ វិច្ឆិកា