ជប៉ុនជាប្រទេសងាយ រងការរញ្ជួយដីជាងគេបំផុតនៅតំបន់អាស៊ី ហើយរាល់ការរញ្ជយដីមានកម្រិតខ្លាំងទៀតផង ។ ប៉ុន្តែរាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះ អគារ គឺបានសាងសង់ឡើង ដើម្បីទប់ស្កាត់ការរញ្ជួយដី ទាំងនោះហើយ ទើបមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាទ្រង់ទ្រាយធំ រាល់ពេលមានគ្រោះរញ្ជួយដីកើតឡើង លើកលែងតែរលកយក្សស៊ូណាមិប៉ុណ្ណោះ ។
នៅពេលនេះ មានការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារ ទៅលើភាគពាយព្យ នៃប្រទេសជប៉ុន កាលពីរាត្រីថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ ហើយមន្ត្រីជំនាញរបស់ជប៉ុន បានព្រមានអំពីរលកយក្សស៊ូណាមី ដែលអាចកើតឡើងបានមួយម៉ែត្រ (3.3 ហ្វីត) តាមបណ្តោយផ្នែកខ្លះ នៃឆ្នេរសមុទ្រជប៉ុន ។
តំបន់មួយចំនួន ត្រូវកាត់ផ្តាច់ថាមពលអគ្គិសនី ហើយសេវាកម្មរថភ្លើងល្បឿនលឿនមួយចំនួន ក៏ត្រូវបានផ្អាក ។ ប៉ុន្តែគេមិនមានរបាយការណ៍ភ្លាមៗអំពីការរងរបួសធ្ងន់ធ្ងរ ឬការខូចខាត បណ្ដាលមកពីការញ្ជួយដី កម្រិត6,8 រ៉ិចទ័រ នេះទេ ។ រីឯទឹកសមុទ្រមានការឡើងបន្តិចបន្តួចតែប៉ុណ្ណោះ ដែលត្រូវបានគេសង្កេតឃើញក្រោយប្រហែលកន្លះម៉ោង ពីការរញ្ជួយដីនេះកើតឡើង ។
ភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បាននិយាយថា ការរញ្ជួយដីនេះ មានទីតាំងស្ថិតនៅឆ្ងាយពីឆ្នេរភាគខាងលិច នៃខេត្តយ៉ាម៉ាកាតា ( Yamagata) មានចម្ងាយប្រហែល៥០គីឡូម៉ែត្ នារភាគនិរតី នៃទីក្រុង សាគូតា ( Sakata) ។
ប្រភពដដែល បាននិយាយបន្តថា ការរញ្ជួយនេះ គឺមិនជ្រៅនោះទេ មានប្រហែល១០គីឡូម៉ែត្រ (6 ម៉ាយល៍) ខាងក្រោមផ្ទៃសមុទ្រ ។ ទោះជាយ៉ាង ការរញ្ជួយដីនាពេលនេះ នឹងមិនបណ្តាលឱ្យខូចខាតធ្ងន់ធរនោះទេ ។
ក្រុមឧតុនិយមជប៉ុន បានព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តោយឆ្នេរ ខេត្តភាគអាគ្នេយ៍ នៃខេត្តយ៉ាម៉ាហ្គាតា (Yamagata), នីជីតាតា (Niigata) និងអ៊ីស៊ីកាវ៉ា (Ishikawa) ។
សេវាកម្មរថភ្លើងល្បឿនលឿន ត្រូវបានផ្អាក នៅតាមតំបន់មួយចំនួន ដោយសារតែការដាច់ចរន្តអគ្គិសនី និងការត្រួតពិនិត្យពីសុវត្ថិភាព ។ យោងតាមក្រុមហ៊ុន Tohoku Electric Power Co. បានឱ្យដឹងថា ប្រជាពលរដ្ឋប្រហែល ៩ពាន់គ្រួសារ រស់ក្នុងខេត្ត Yamagata និង Niigata គ្មានអគ្គិសនីប្រើប្រាស់ ។
ម៉ាស៊ីនភ្លើងរ៉េអាក់ទ័រទាំង៧ នៅរោងចក្រនុយក្លេអ៊ែរ Kashiwazaki-Kariwa ក្នុងតំបន់ Niigata ត្រូវបានបិទ ហើយគ្មានភាពមិនប្រក្រតីណាមួយ ត្រូវគេរាយការណ៍នោះឡើយ ។
លោក Yoshihide Suga ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រុមសង្គ្រោះបន្ទាន់មួយ បានបង្កើតឡើង ដោយការិយាល័យរបស់នាយករដ្ឋមន្ត្រី ដើម្បីវាយតម្លៃពីទំហំ នៃការរងរបួស និងការខូចខាត ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋ រស់នៅតំបន់រងគ្រោះ ត្រូវតែប្រុងប្រៀប ក្រោយការរញ្ជួយដីនេះ ។
បុរសវ័យចំណាស់មួយរូប បានរងរបួសស្រាល នៅទីក្រុង Murakami ជាកន្លែងដែលការរញ្ជួយយ៉ាងខ្លាំង ត្រូវគេរាយការណ៍នៅតាមទូរទស្សន៍ NHK នោះ ។
ទូរទស្សន៍ NHK បានផ្សាយឃើញ កញ្ចក់ និងចានបាក់បែកនៅលើនៅក្នុងរបាមួយកន្លែង ស្ថិតនៅតំបន់ Tsuruoka ដែលគ្មានមនុស្ស បន្ទាប់ពីអតិថិជនបាននាំគ្នាប្រញាប់ប្រញាល់ រត់ចេញទៅក្រៅ ដោយបន្សល់ទុកនូវចំណីអាហាររបស់ពួកគេ នោលើតុ សល់ពាក់កណ្តាល ។
ប្រទេសជប៉ុន គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះ ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅលើពិភពលោក ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១១ ការរញ្ជួយដី នៅឆ្នេរសមុទ្រ នាភាគឦសាន មានកម្រិត ៩,0 រ៉ិចទ័រ បានបណ្តាលឱ្យមានរលកយក្សស៊ូណាមី សម្លាប់ជីវិតមនុស្សជាង ១៨០០០នាក់ និងបង្កឱ្យមានវិបត្តិ នៅរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ។ ប៉ុន្ដែការរញ្ជួយដី នៅលើឆ្នេរសមុទ្រ ភាគខាងកើត កាលពីយប់ ថ្ងៃអង្គារ នោះ មិនមានគ្រោះថ្នាក់ ដូចរលកយក្សស៊ូណាមិ ដែលបានកើតឡើង ទៅលើរោងចក្រ ហ្វូគូស៊ីម៉ា នោះទេ៕