ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ថា ទាំងអាមេរិក និងចិន ជាអ្នកបរាជ័យ ប្រសិនបើបន្តសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

កាលពីថ្ងៃទី​១៨ ខែមិថុនា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវ ឲ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ ជាជាងប្រឈមមុខដាក់គ្នាដោយសង្គ្រាមពាណិជ្ជកម្ម​ ។

ជាមួយគ្នានេះ ប្រធានាធិបតីចិន​ស៊ី ជីនពីង បានលើកឡើងថា ​លោក នឹងជួបពិភាក្សាជាមួយប្រធានាធិបតី ត្រាំ​ បន្ទាប់ពីកិច្ចប្រជុំ​ G-20 នៅប្រទេសជប៉ុន នាចុងខែមិថុនា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម ។

សារព័ត៌មាន​ CCTV ​បានដកស្រង់សម្តីប្រធានាធិបតីចិន​ បញ្ជាក់ទៅកាន់លោកត្រាំថា ទាំងចិន និងអាមេរិក គឺជាអ្នកខាតបង់​បើនៅតែប្រឈមមុខដាក់គ្នាដោយសង្គ្រាមពាណិជ្ជកម្មនោះ ។ ​ផលប្រយោជន៍គឺទទួលបានមកពីកិច្ចសហប្រតិបត្តិការ មិនមែនប្រឈមមុខនោះឡើយ ។

កន្លងមក ប្រធានាធិបតីចិន មិនទាន់កំណត់​ ថា តើអាចជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ដែរឬទេ នៅក្នុងកិច្ចប្រជុំ​G-20 ក្នុងប្រទេសជប៉ុន ។ លោក ត្រាំ ធ្លាប់បានព្រមានថា ប្រសិនបើ ប្រធានាធិបតីចិន មិនទៅចូលរួច​ទេនោះ អាមេរិកនឹងដំឡើងពន្ធ លើទំនិញនាំចូលពីចិនមានតម្លៃរហូតដល់ជាង ៣០០ពាន់លានដុល្លារ​ ។

នៅពេលនេះ ប្រធានាធិបតីចិនបានសម្រេចទៅចូលរួម ហើយមានជំនួបពិភាក្សា បន្ទាប់ពីកិច្ចប្រជុំ​G-20 ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងចរចា ស្ដីពីបញ្ហាពាណិជ្ជកម្មជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅសប្តាហ៍ក្រោយ ខណៈលោកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសនានា (កិច្ចប្រជុំ G-20) នៅក្នុងប្រទេសជប៉ុន ហើយក្រុមអ្នកចរចាអាមេរិក និងចិន នឹងបន្តកិច្ចពិភាក្សា មុនពេលថ្នាក់ដឹកនាំកំពូលជួបប្រជុំពិភាក្សាគ្នា ។

ជម្លោះពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង នោះ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធចំនួន២៥ភាគរយ លើទំនិញនាំចូលរបស់ចិន ឬមានទំហំទឹកប្រាក់ស្មើនឹង ២៥០ពាន់លានដុល្លារអាមេរិក ។ នៅពេលនេះ លោក ដូណាល់ ត្រាំ កំពុងរៀបចំគម្រោងការ ដើម្បីដំឡើងពន្ធឲ្យបានចំនួន៣០០ពាន់លានដុល្លារ លើមុខទំនិញគ្រប់យ៉ាងរបស់ចិន ដែលនាំចូលទៅកាន់អាមេរិក ។ ដោយឡែករដ្ឋាភិបាលចិន ក៏បានតបតនឹងអាមេរិក វិញ ដោយបានដំឡើងពន្ធលើមុខទំនិញ នាំចូលមកពីអាមេរិក ផងដែរ ។

គោលបំណង នៃការដំឡើងពន្ធរបស់អាមេរិក នេះ គឺដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យបញ្ឈប់ការលួចបច្ចេកវិទ្យាអាមេរិក និងបញ្ឈប់ការបង្ខំឲ្យក្រុមហ៊ុនអាមេរិក ប្រគល់ការសម្ងាត់លើវិស័យពាណិជ្ជកម្ម និងការឧបត្ថម្ភធន ដោយអយុត្តិធម៌ដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ។

លោក ដូណាល់ ត្រាំ បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះថា «ទើបតែបានសន្ទនាដ៏ល្អប្រសើរមួយ តាមរយៈទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ។ យើងនឹងមានកិច្ចប្រជុំពិភាក្សាគ្នាបន្ថែមទៀត នៅសប្តាហ៍ខាងមុខនេះ នាអំឡុងពេលទៅចូលរួម នៅក្នុងកិច្ចប្រជុំកំពូល G-20 នៅក្នុងប្រទេសជប៉ុន ។ ក្រុមការងាររបស់យើង នឹងចាប់ផ្តើមពិភាក្សា មុនពេលជំនួបពិភាក្សារបស់យើង កើតឡើង នៅទីនោះ» ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំ​ G-20 ឆ្នាំនេះក្រុមប្រទេសសេដ្ឋកិច្ចឈានមុខ ទាំង២០ បានឯកភាពគ្នា ក្នុងដំណើរការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ ស្តីអំពីការកាត់បន្ថយចំនួនកាកសំណល់ប្លាស្ទិក ដែលមានក្នុងទឹកសមុទ្រ ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងប្រទេសជប៉ុន នាថ្ងៃអាទិត្យនេះ ខណៈពេលដែលក្រុមប្រទេសមហាអំណាចទាំងនោះ ជួបពិភាក្សាគ្នា អំពីសន្តិសុខនៃប្រភពថាមពល បន្ទាប់ពីហេតុការណ៍វាយប្រហារលើកប៉ាល់ដឹកប្រេង នៅឈូងសមុទ្រអូម៉ង់ ។

ជប៉ុនបានស្នើឲ្យមានការឯកភាពគ្នាមួយ រវាងបណ្តាប្រទេស G20 ក្នុងយុទ្ធនាកាត់បន្ថយសំរាមប្លាស្ទិក នៅក្នុងទឹកសមុទ្រ ។ សំណើនេះ ត្រូវបានស្វាគមន៍ដោយប្រទេសមហាឧស្សាហកម្មទាំងអស់ ។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Yoshiaki Harada ប្រាប់ទៅកាន់ អ្នកយកព័ត៌មាន កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងកិច្ចប្រជុំស្តីអំពី បញ្ហាបរិស្ថាន និងថាមពលរបស់ក្រុមប្រទេស G20 ។

សំណើរបស់ជប៉ុន ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃ នឹងក្លាយទៅជាក្របខ័ណ្ឌលើកដំបូងគេបង្អស់ ក្នុងដំណើរកាត់បន្ថយការបំពុលទឹកសមុទ្រ ដោយសំរាមប្លាស្ទិក ។ គេរំពឹងថា សំណើរនេះនឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយរដ្ឋមន្ត្រីរបស់ក្រុមប្រទេស G20 នៅថ្ងៃអាទិត្យនេះផងដែរ ។

ទាក់ទងរឿងនេះដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន តាមរយៈកិច្ចព្រមព្រៀងថ្មីដែលនឹងសម្រេចបានមួយនេះ គេរំពឹងទុកថា សមាជិកក្រុមប្រទេស G20 នឹងខិតខំប្រឹងប្រែង កាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដែលជាគ្រោះថ្នាក់ខ្លាំងបំផុត ដល់ធនធានទឹកសមុទ្រ ។

គួររំឭកជូនថា ការបំពុលដោយសំរាមប្លាស្ទិក បានក្លាយទៅជាការព្រួយបារម្ភស្នូលមួយ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ជាពិសេសបន្ទាប់ពីមានការហាមឃាត់ដោយប្រទេសចិន និងប្រទេសដទៃទៀត លើការនាំចូលកាកសំណល់ប្លាស្ទិកពីបរទេស ។

មួយវិញទៀត ក្នុងចំណោមកង្វល់ជាច្រើន ក្នុងនោះក៏មានផងដែរពីបញ្ហាមីក្រូប ។ មីក្រូបជាបំណែកតូចៗនៃកាកសំណល់រលួយ ដែលពិបាកក្នុងការប្រមូលយក នៅពេលដែលពួកវាហូរចូលក្នុងទឹក ។ មីក្រូប ទំនងជាអាចស្រូបយកសារធាតុគីមីច្រើន ដែលអាចជាគ្រោះថ្នាក់ធំបំផុតដល់ជីវិតសត្វត្រី សត្វបក្សី និងសត្វដទៃទៀតជាដើម៕


ចែករំលែក៖