ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿន បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥ និង៤៨នាទី ល្ងាចថ្ងៃអង្អារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកទៅច១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍បាទដៃក្រវាញ G2ឃើញថា មុនកើតហេតុគេឃើញយុវជន ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក អុិចសុិនធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ប៉ុន្តែមិនបញ្ជាក់បើកបរមកពីទិសដៅខាងណានោះទេ ហើយក៍អត់មានពាក់មួកសុវត្ថិភាពនោះដែរ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុបានដួលដោយឯងៗតែម្ដង បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ ស្លាប់ និងរបួស ។
របាយការណ៍ខាងលើបន្តថា យុវជនទាំង ២នាក់ទី១ ឈ្មោះ សឹុម សីហា អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អ្នកបើកបរម៉ូតូ(ស្លាប់) និងអ្នករួមដំណើរឈ្មោះ អុិន ដាលិ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា(បាក់ជើងខាងស្ដាំ) ជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន