ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សូ សារាវុធ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ មានទីលំនៅនៅភូមិកើតហេតុ ។
តាមការរៀបរាប់បំភ្លឺរបស់ឈ្មោះ កែវ សៀង អាយុ ៤៩ឆ្នាំ ជាប្រពន្ធបស់សពបានប្រាប់ថា កន្លងមកប្ដីរបស់ខ្លួនតែងតែត្អូញត្អែរថា មិនសូវស្រួលខ្លួននោះទេ ពេលហូបបាយរួចហើយម្ដងៗ គាត់ចេះតែមានអក្ការហើមពោះឆ្អល់ពោះតឹងណែន ហើយគាត់ចេះតែដើរនិយាយប្រាប់មិត្តភក្តិគាត់ថារស់មិនបានយូរនោះទេមើលទៅ ។ រហូតដល់ល្ងាចថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១៥និង១៥ នាទី ខ្លួនបានឲ្យថ្នាំឈឺក្រពះ ទៅប្ដីលេបមួយសន្ទុះក្រោយមកបានសួរទៅប្ដីថា រាងគ្រាន់ហើយនៅ ប្ដីបានឆ្លើយថា រាងគ្រាន់បន្តិចហើយ ក៏នាំគ្នាសម្រាកនៅក្នុងលំនៅឋានខ្លួន លុះវេលាម៉ោង៥ទៀបភ្លឺ មិនឃើញប្តី ក៏នាំកូនជិះម៉ូតូដើររកដល់វត្តចំបក់ជ្រុំ មិនឃើញ ក៏ត្រឡប់មកផ្ទះវិញបានដើរសួរអ្នកជិតខាង ក៏ថាមិនឃើញ ឮសូរតែឆ្កែព្រុស ខ្លួនក៏ដើរទៅមើលតាមរបងផ្ទះខាងលិចក៏បានប្រទះ ឃើញប្តីរបស់ខ្លួនចងក លើមែកស្វាយ នឹងខ្សែនីឡុង ពណ៌ខ្មៅជើងផុតពីដី ខ្លួនឃើញដូច្នេះក៏បានដើរហៅបងប្អូនជិតខាងឲ្យមកជួយពិនិត្យមើល និងបានយកកាំបិតមកកាត់ខ្សែយក ប្តីទៅដាក់ក្នុងផ្ទះក្រែងនៅរស់ តែអកុសល បានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល លោកមេភូមិនិងញាតិមិត្តនៃសពដើម្បីពិនិត្យសព និងទីកន្លែងកើតហេតុ ចប់សព្វគ្រប់ ហើយបានធ្វើកំណត់ហេតុ ប្រគល់ជូនគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានបញ្ជាក់ថា ឆ្លងកាត់ការពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសពយើងសនិដ្ឋានបានថា ការស្លាប់របស់លោក សូ សារាវុធ ពិតជាបានធ្វើ អត្តឃាតចងកខ្លួនឯងពិតប្រាកដមែន មូលហេតុ មានជំងឺ ប្រចាំកាយ៕ ប៊ុនរិទ្ធី