ព័ត៌មានទាន់ហេតុការណ៍៖

ចាងហ្វាងគេហទំព័រក្រាំងមាស និងសហការីម្នាក់ទៀត ត្រូវអាវុធហត្ថកំពង់ឆ្នាំងចាប់ខ្លួននៅហាងកាហ្វេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ចាងហ្វាងម្នាក់ និង សហការីម្នាក់ នៃការផ្សាយគេហទំព័រក្រាំងមាស ត្រូវបានកម្លាំងអាវុធហត្ថកំពង់ឆ្នាំង ឃាត់ខ្លួននៅនឹងហាងកាហ្វេ១កន្លែង ស្ថិតនៅក្បែរមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។

លោក លឹម ហាក់ មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ពិតជាមានការឃាត់ខ្លួន ចាងហ្វាង និង សហការី នៃការផ្សាយរបស់គេហទំព័រក្រាំងមាស ពិតប្រាកដមែន គឺឃាត់ខ្លួនឈ្មោះ លោក ងិន វាសនា ចាងហ្វាងការផ្សាយរបស់គេហទំព័ក្រាំងមាស និង ម្នាក់ទៀត ឈ្មោះទូច ឌិន ភេទប្រុស ជាសហការី ។

មន្រ្តីអាវុធហត្ថរូបនេះបានឲ្យដឹងទៀតថា ការឃាត់ខ្លួនត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ និង កំហែងយក តាមបណ្តឹងរបស់មេធាវីរបស់លោក ឧកញ្ញ៉ា ទៀ វិចិត្រ ។

តាមប្រភពបានឲ្យដឹងថា មូលហេតុនៃការឃាត់ខ្លួន ចាងហ្វាង និងសហការីនេះ បន្ទាប់ពីលោក ងិន វាសនា ដែលជាចាងហ្វាងការផ្សាយរបស់គេហទំព័រក្រាំងមាស បានចុះផ្សាយព័ត៌មានចោទប្រកាន់លោកទៀ វិចិត្រ ថាបាននាំប្រេងគេចពន្ធចូលមកខេត្តព្រះសីហនុ ។

ក្រោយពីចុះផ្សាយរួចហើយ ខាងមេធាវីលោកឧកញ៉ា ទៀ វិចិត្រ បានឲ្យលោកងិន វាសនា កែតម្រូវព័ត៌មានដែលចុះផ្សាយ ប៉ុន្តែ លោកងិន វាសនា មិនបានកែតម្រូវនោះឡើយ ។ ក្រៅពីមិនកែតម្រូវលោក ងិន វាសនា បានទាមទារប្រាក់ចំនួន២៨០០ដូល្លារ ហើយបានត្រូវគ្នាមកត្រឹម២៤០០ដូល្លារ ជាថ្នូរ និងការបិទព័ត៌មានដែលបានចុះផ្សាយ ។

រហូតមកដល់នឹងរសៀលថ្ងៃដដែលនេះ លោក ងិន វាសនា និង សហការី នៅតែបន្តសាកសួរ ពីមន្រ្តីរកងរាជអាវុធខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តតាមនីតិវិធី ៕​ចន្ថា


ចែករំលែក៖