ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសចំណាស់ម្នាក់ ករណីហិង្សាដោយចេតនា នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ក្នុង ករណីហិង្សាដោយចេតនា បណ្តាលឱ្យបុរសម្នាក់ បាក់ដៃឆ្វេង និងរបួសក្បាលជាទម្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡាញ់ ណុង  អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប។ ប្រភពបន្តថាចំណែកជនរងគ្រោះមានឈ្មោះ ហង្ស ស៊ីយ៉ាភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ។

មុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានមានទំនាស់ពាក្យសំដីគ្នារឿងការងារស្រាប់តែបង្កើត ជាហិង្សាផ្ទុះឡើង ខណៈជនសង្ស័យបានស្ទុះយកបានដំបងមែកដើមប្រេងខ្យល់ វាយទៅលើជនរងគ្រោះយ៉ាងសន្ធប់ បណ្តាលឲ្យ បាក់ដៃខាងឆ្វេង និងរបួសក្បាលជាទម្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយឃាត់និងជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់​៕ យឹម  សុ​ថាន


ចែករំលែក៖