ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងឆេះម៉ត់ សង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលមានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រសង់ពីកូនឈើ ជញ្ជាំងស្លឹក ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកសង្ស័យមានមនុស្សលួចដុត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៥៥នាទី ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះម៉នសុផា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះគង់ សារឿន ហៅសឿន អាយុ ៤៣ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំណែកសម្ភារខូចខាតបាត់បង់រួមមាន កង់១ អង្ករ១បេ សម្លៀកបំពាក់ ប្រាក់រៀលប្រាក់ដុល្លារមួយចំនួន មាស៦ជី និងសម្ភារ ប្រើប្រាស់មួយចំនួនធំផងដែរ ។

យោងតាមប្រភពពីកូនម្ចាស់ផ្ទះ បានបញ្ជាក់ទៀតថា ករណីភ្លើងឆេះផ្ទះនេះមាន គេលួចដុត ព្រោះនៅមុនពេលកើតហេតុ មានយុវជនម្នាក់ស្លៀកខោក្រហម ដើរក្រឡឹងផ្ទះរបស់គាត់ ខណៈក្នុងដៃមានកាន់ដបសាំង មកគំរាមឲ្យបងប្រុស សងលុយទៅគាត់ ហើយបើមិន ព្រមសងលុយទេ ពូនោះថា នឹងដុតផ្ទះចោល ។

ដោយមានការភ័យខ្លាចកូនៗ របស់គាត់បានរត់ចេញពីផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមក ភ្លើងបានឆាបឆេះផ្ទះបង្កការភ្ញាក់ផ្អើលតែម្តង ។

ទាក់ទិននឹងការឆេះផ្ទះនេះដែរ លោកអធិការនគរបាលក្រុងស្វាយរៀងបានប្រាប់ឲ្យដឹងថា ករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយ សង្កាត់ចេកនេះ គឺសង្ស័យជំហានដំបូងបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ហើយទំហំនៃការខូចខាត មិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងចុះទៅធ្វើរឿងហ្នឹងហើយ ៕ យឹមសុថាន


ចែករំលែក៖