ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ស្ត្រីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ និងស្តារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូល ដើម្បីប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុក្ខដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ «ទីណា មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ៨៩នាក់ ។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្តល់អំណោយ និងអាហារសាមគ្គីដល់កុមារ និងបុគ្គលិកនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ម្តងរួចមកហើយ ៕ស តារា