ខេត្តសៀមរាប៖ មន្ត្រីក្រុមចម្រុះក្រុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានចុះដក ស្លាកយីហោ នៅភោជនីយដ្ឋាន អាប៉ូឡូប្លាហ្សា ដែលជាកន្លែងជប់លៀងអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗទៀត ដែលមានទីតាំងស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ។
សមត្ថកិច្ចធ្លាប់បានអះអាងថា ការអនុវត្តលើការដកកាត់រុះរើស្លាកយីហោ និងស្លាកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ និងស្លាកផ្ទាំងគ្រប់ប្រភេទដែលស្ថិតនៅតាមដីចំណីដងផ្លូវសាធារណៈ ជាពិសេសដងផ្លូវជាតិលេខ៦ គឺដើម្បីរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ ។ ជាមួយគ្នានេះ នៅក្រុងសៀមរាប គេនៅតែសង្កេតឃើញ មានស្លាកយីហោ ឬការលក់ដូរ របស់អាជីវករមួយចំនួន បានតាំងរំលោភលើចិញ្ចើមផ្លូវ យ៉ាងអនាធិតេយ្យ ដោយមិនទាន់មានការរៀបចំពីក្រុមមន្ត្រីនៅឡើយ ។
គួរបញ្ជាក់ថា មន្ត្រីចម្រុះក្រុងខេត្តសៀមរាប បានចាប់ផ្ដើមចុះរុះរើ និងកាត់ស្លាកយីហោផ្សេងៗនេះ គឹបានអនុវត្តតាំងពីដើម ខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ រហូតដល់ពេលនេះ ៕ ប៊ុនរិទ្ធី