ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជុំ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតផ្គាក់) ។
ករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកអូរជុំបាឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រចំ គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី មានមុខរបរចៀរជ័រកៅស៊ូ ។
ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកពីផ្លូវកែងទិញម្ហូប ពេលជិះមកដល់ត្រង់ចំណុចចម្ការស្វាយចន្ទី ខាងលិចភូមិការម៉ែន ស្រាប់ជួបជនបង្កមានបក្ខពួកចំនួន៥នាក់ ចាំស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួលធ្ងន់តែម្តង ។
ប្រភពបន្តទៀតថាជនរងគ្រោះមានរបួសត្រូវចំខាងក្រោមក្លៀកខាងឆ្វេងមួយកាំបិត ដេរចំនួន១០ថ្នេរ និងត្រូវកំភួនដៃខាងឆ្វេងមួយកាំបិតទៀត ។
សមត្ថកិច្ចនគរបាលស្រុកអូរជុំបានឃាត់ខ្លួនបានភ្លាមៗ មានជនបង្ក ៖ទី១.ឈ្មោះ ផ្យើង ឈុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាជនដៃដល់), ទី២.ឈ្មោះ ហ្យា ផល្លា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត), ទី៣.ឈ្មោះ កិន បិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត), ទី៤.ឈ្មោះ នឹក ស្តាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត) និងទី៥.ឈ្មោះ ថែល គ្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត) ។ ជនបង្កទាំង៥នាក់នេះ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។
ប្រភពពីសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មូលហេតុ ជនបង្កទាំង៥នាក់ខាងលើនេះ ដោយមានគំនុំឈ្លោះប្រកែកគ្នាជាយូរមកហើយ ទើបមានគំនុំរហូតមកចាំស្ទាក់កាប់គ្នាតែម្ដង ។
ការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាមគ្គី ចុះចាប់ជនបង្កនៅតាមចម្ការស្វាយចន្ទីរហូតដល់ម៉ោង ៩និង៣០នាទីយប់ថ្ងៃដដែលនេះ យកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ជីវន្ត័