ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានឃាត់ខ្លួនសង្ស័យ២នាក់ ខណៈដែលលួចគោអ្នកភូមិហើយវះសាច់យកធ្វើម្ហូបក្លែមស្រា ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចទួលព្រៃពោន ចម្ងាយ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម ចន្នា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះអឿន ឈើកា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិសំឡីខាងជើង ឃុំសំឡីស្រុកកំពង់រោទ៍ ។
សមត្ថកិច្ចនគរបាលបន្តថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី ស្រុកកំពង់រោទិ៍ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនពេលយប់ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រលះសាច់គោ ឈ្មោលមួយក្បាល ពណ៌ត្នោត ដែលរុំជាប់នឹង ដើមអាកាស្យា លើភ្លឺប្រឡាយ រួចក៏មានការសង្ស័យក៏ដើរទៅសួនាំ ក៏បែកធ្លាយថា លួចគោអ្នកភូមិ ក៏ឃាត់ខ្លួនតែម្ដង ។
សមត្ថកិច្ចនគរបាលបានសួរចម្លើយជនសង្ស័យទាំង២នាក់ ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះគោរបស់ប្រជាពលរដ្ឋពិតមែនប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹមសុថា