ព័ត៌មានទាន់ហេតុការណ៍៖

ជិះតាមបំបុកម៉ូតូ បំណងប្លន់យកគ្រឿងអលង្ការក្នុងកែបម៉ូតូ ប៉ុន្តែមិនបានសម្រេច ព្រោះផ្អើលដល់ពលរដ្ឋជួយទាន់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង តាមម៉ូតូស្រ្តី​ម្នាក់ ដែលជាអ្នកលក់​គ្រឿងអលង្ការ ខណៈ​ពួកគេតាមដានដឹងថា ជនរងគ្រោះទើបតែជិះ​ម៉ូតូ​ត្រឡប់​មក​ពី​យក​គ្រឿងអលង្ការ​ពី​ជាង​ រួចដាក់គ្រឿងអលង្ការ​ទាំងនោះក្នុង​កាបូប​ទុកនៅ​ក្រោម​កែបម៉ូតូ បំណងត្រឡប់ទៅ​ផ្ទះ​ខ្លួនវិញ លុះដល់កន្លែងស្ងាត់ក៏​បើក​បំ​បុក​ពីក្រោយ​ បណ្តាល​ឲ្យ​ដួល​រង​របួស និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយធ្វើអន្តរាគមន៍ស្មានតែរឿងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យជនសង្ស័យស្លន់ស្លោរ​លើក​ម៉ូតូ​ជិះ​រត់គេច​បាត់​ស្រមោល ។

ហេតុការណ៍ ​ជិះម៉ូតូបំបុកប៉ុងប្លន់ម៉ូតូខាងលើនេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ​ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១៨ ខែមិថុនា នៅ​ជិត​អតីត​ស​ណ្ឋា​រ​គារ​ម៉ា​រ៉ា​ឌី គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​មិន​បញ្ជាក់ពី​អត្តសញ្ញាណនោះ​ទេ គ្រាន់តែ​ដឹង​ថា​ ជិះ​ម៉ូតូ​មួយគ្រឿងម៉ាកហុងដា​ស្កូ​ពី ពណ៌​កាប់​ស្តាំ​ង ពាក់​ផ្លា​ក​លេខភ្នំពេញ ១WC-៨២៥៣ ដោយ​ដាក់​គ្រឿងអលង្ការ​មួយ​កាបូប​នៅ​ក្រោម​កែបម៉ូតូ ។

យោងតាមសម្តីស្ត្រី​រងគ្រោះ បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចេញពី​កន្លែង​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ដើម្បី​ទៅ​ម្តុំ​វត្ត​សាមគ្គី​រង្សី​ គោលបំណង​យក​គ្រឿងអលង្ការ​ទៅ​ឲ្យ​ជាង​ធ្វើ ​(​កង​ឈុត​) រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ដោយ​ដាក់​កាបូប​ដែល​មានគ្រឿងអលង្ការ​ពេញ​ក្រោម​កែបម៉ូតូ តែ​គាត់​មិន​បានឲ្យ​ដឹង​ពី​ចំនួន​គ្រឿងអលង្ការ​នោះ​ទេ ។

ស្រ្តីរងគ្រោះបន្ត​ថា ពេល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧​ ជិតដល់​អតីត​ស​ណ្ឋា​រ​គារ​ម៉ា​រ៉ា​ឌី ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ តាមពីក្រោយ​គាត់​តាំងពី​វត្ត​សាមគ្គី​រង្សី កន្លែង​ធ្វើ​គ្រឿងអលង្ការ លុះមកដល់កន្លែងកើតហេតុក៏ជិះបំបុកពីក្រោយ និងធាក់ផ្ដួលម៉ូតូ​គាត់​បណ្ដាលឲ្យដួល​រង​របួស​បែក​មាត់ ។ ភ្លាម​ៗ​នោះ ​បងប្អូន​ប្រជាពលរដ្ឋ អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី​មក​ពីក្រោយ​ព្រោងព្រាត ធ្វើ​ឲ្យ​បុរស​​២​នាក់​នោះ ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ម៉ូតូ​គេចចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ស្បែកជើង​មួយ​ចំហៀង ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបើកកែបម៉ូតូយកកាបូប​ដាក់​គ្រឿងអលង្ការទាំងនោះ មក​ឱប​ជាប់​ខ្លួន​ទាំង​អារម្មណ៍​ភិតភ័យ ។ បន្តិច​ក្រោយ នគរបាល​ចរាចរណ៍​ដែល​ប្រចាំ​ការ​នៅ​គោលដៅ​ក្បែរ​នោះ បាន​ទៅ​ជួយ​យកជន​រង​គ្រោះ​ឲ្យ​មក​​អង្គុយ​នៅ​គោលដៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រួច​ហើយ​ស្ត្រី​រង​គ្រោះ ក៏​បាន​ទាក់​ទង​ហៅ​សាច់​ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ផ្ទះវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖