ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​២​នាក់​​ ដឹកជ្រូកតាមម៉ូតូ​៤​ក្បាល ​គ្មានច្បាប់ពីវៀតណាមឆ្លង​កាត់ព្រៃខាងជើងច្រកទ្វារតំបន់ដូង

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ច ច្រកទ្វារតំបន់ព្រំដែនដូង និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង​ សហការជាមួយមន្ត្រីគយច្រកដូងបានចាប់ឃាត់មកសាកសួរ ព្រមទាំងម៉ូតូ២គ្រឿង និងសត្វជ្រូក​ចំនួន​៤​ក្បាល​ ដែលនាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់បញ្ជូនមកសមត្ថកិច្ចជំនាញពេទ្យសត្វចាត់ការបន្ត ។

ការឃាត់ខ្លួនមកសាកសួរនេះ បានធ្វើឡើងវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវកាត់ព្រៃខាងជើងច្រកទ្វារតំបន់ដូង​ ប្រមាណ​ ៣​ គីឡូម៉ែត្រ​ (ជាប់ខ្សែបន្ទាត់ព្រំដែន)​ ស្ថិតភូមិពោន​ ឃុំដូង​ ស្រុករមាសហែក​ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសោម វាសនា​ ភេទប្រុស​ អាយុប្រមាណ៣០ឆ្នាំ និងទី​២​ ឈ្មោះ​ សោម ឆេរ៉ាន់​ ភេទប្រុស អាយុ៣៥ឆ្នាំ ដោយអ្នកទាំង២ មានទីលំននៅភូមិតាត្រាវ​ ឃុំកំពង់ត្រាច​ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថា ដោយមានការសង្ស័យឃើញម៉ូតូ២គ្រឿង នៅចំណុចផ្លូវកាត់ព្រៃខាងជើងច្រកទ្វារតំបន់ដូង​ ប្រមាណ​៣​ គីឡូម៉ែត្រ​ (ជាប់ខ្សែបន្ទាត់ព្រំដែន)ទើបសមត្ថកិច្ចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង​ សហការជាមួយមន្ត្រីគយ បានចុះឃាត់ជនសង្ស័យ​ ២​ នាក់​ មកសាកសួរនាំទើបបែកធ្លាយថា ជ្រូកដឹកចេញពីប្រទេសវៀតណាមមិនមានច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង​ ជ្រូក​ ៤​ក្បាល​ និងម៉ូតូ​២​គ្រឿង​ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វារតំបន់ដូង​ ដើម្បីប្រគល់ឲ្យជំនាញពេទ្យសត្វដើម្បីពិនិត្យ និងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖