បច្ចុប្បន្នតម្លៃប្រេង នៅលើពិភពលោកបានកើនឡើង ដល់ទៅ ៥ភាគរយដោយសារតែការប្រឈមមុខតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់់ ហើយបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនោះ តម្លៃប្រេងនឹងកើនឡើងខ្ពស់ជាងលើសពីការស្មាន ដោយសារតែសង្គ្រាមកើនឡើងនៅតំបន់ នាំប្រេងសំខាន់បំផុតលើពិភពលោក ។
អ្នកឯកទេសវិភាគ Olivier Jakob មកពីក្រុមហ៊ុន Petromatrix បានបញ្ជាក់ថា ការប្រឈមមុខតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់់ជំរុញឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងដល់ទៅ៥ភាគរយ ពេលបិទទីផ្សារប្រេងនាថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៩ ។ ភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយពេលអ៊ីរ៉ង់់បាញ់ទម្លាក់យន្តហោះស៊ើបការណ៍ គ្មានមនុស្សបើករបស់អាមេរិក ។
ជាក់ស្តែងតម្លៃប្រេង Brent កើនឡើង ២,៦៣ដុល្លារ ស្មើ៤,៣ភាគរយ ឡើងដល់៦៤,៤៥ដុល្លារ ក្នុងមួយបារ៉ែល ។ តម្លៃប្រេងឆៅWTI កើនឡើងបន្ថែម ២,៨៩ដុល្លារ ស្មើ៥,៤ភាគរយ ឡើងដល់៥៦,៦៥ដុល្លារក្នុងមួយបារ៉ែល ។
កម្លាំងបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃទី២០ខែមិថុនា បានប្រកាសថា បានបាញ់ទមា្លក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អាមេរិក ពេលចូលដែនអាកាសរបស់អ៊ីរ៉ង់់ ជិតតំបន់ Kouhmobarak ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់់ ។ ក្នុងថ្ងៃជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីប្រកាសថា យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក ត្រូវកម្លាំងទាហានអ៊ីរ៉ង់់បាញ់ទម្លាក់ ។ អាមេរិកបានច្រានចោលព័ត៌មានថាយន្តហោះគ្មានមនុស្សបើក ខាងលើ ចូលក្នុងដែនអាកាសអ៊ីរ៉ង់់ ។
ក្តីបារម្ភពីសង្គ្រាម ទ្រង់ទ្រាយធំកើនឡើង រវាងអាមេរិកនិងអ៊ីរ៉ង់ ក្រោយពេលប្រឈមមុខតានតឹងកាន់តែខ្លាំង ចាប់តាំងពីការបាញ់ប្រហារទៅលើនាវាដឹកប្រេងពីរគ្រឿង ហើយអាមេរិកទម្លាក់កំហុសទៅលើអ៊ីរ៉ង់់ ។ នៅពេលនេះមានយន្តហោះគ្មានមនុស្សបើកអាមេរិក មួយគ្រឿង ត្រូវអ៊ីរ៉ង់់បាញប្រហារទៀត ធ្វើឲ្យស្ថានភាពកាន់តែតានតឹងអាចនឹងផ្ទុះសង្គ្រាមគ្រប់ពេល ៕