ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា នេះ ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវករណីចាប់មនុស្សជំរិតទារប្រាក់ពីនាយកក្រុមហ៊ុនហ៊ុន Pan Well (សំណង់) ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ នៅវេលាម៉ោងប្រហែល១៩៖៤៣នាទីយប់ នៅចំណុចចំណតរថយន្តក្រោមដីជាន់ទី២ អគារ TK RoyalOne ដីឡូតិ៍លេខ១៥០ ផ្លូវ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី១៨ ខែមិថុនា វេលាម៉ោងប្រហែល១៩៖៤៣នាទី ជនរងគ្រោះឈ្មោះ Hung Chung Chou ភេទប្រុស ជនជាតិចិនតៃវ៉ាន់ អាយុ៥៨ ឆ្នាំ មុខរបរៈនាយកក្រុមហ៊ុន Pan Well (សំណង់) បានចុះពីប្រជុំនៅអគារជាន់ទី២ TK Royal One ដែលមានទីតាំង ស្ថិតនៅដីឡូតិ៍លេខ១៥០ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើរទៅយករថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-5629 ពេលកំពុងបើកទ្វាររថយន្ត ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក Lexus470 ពណ៌ទឹកមាស ជិះមកពីខាងក្រោយ មានជនសង្ស័យចំនួន៥នាក់ ជនជាតិចិន២នាក់ ខ្មែរ២នាក់ មកធ្វើសកម្មភាពចាប់ក្រៀក ជនរងគ្រោះរុញចូលទ្វារក្រោយរថយន្ត Lexus470 យកស្កុត ពណ៌ ពងមាន់ រុំមាត់ និងមុខ រួចដឹកយកទៅទុកនៅក្នុងបន្ទប់មួយមិនស្គាល់ទីតាំង ដោយធ្វើសកម្មភាពបង្ខាំងឃុំខ្លួនគំរាមសំលាប់រួចយកទំលាក់ចូលទឹកទន្លេ ដើម្បីគំរាមទារប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាថ្នូរ និងការដោះលែង ប៉ុន្តែជនរងគ្រោះមានតែ២ម៉ឺនដុល្លារអាមេរិកទេ ជនសង្ស័យក៏យល់ព្រម ហើយជនរងគ្រោះបានឆាតទៅឈ្មោះ Chen Lihsien ជានាយករង ក្រុមហ៊ុនPanWell តាមប្រព័ន្ធ Wechat ឲ្យវេរលុយ តាមវ៉ីងមកលេខជនសង្ស័យ 081 217 365 ពេលជនសង្ស័យទទួលបានលុយចំនួន២ម៉ឺនដុល្លារហើយ ទើបជនសង្ស័យ ដឹកជនរងគ្រោះទៅទំលាក់ចោលនៅដីអភិវឌ្ឍន៍ OCIC ផ្លូវ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយជនសង្ស័យក៏នាំគ្នាគេចខ្លួនបាត់អស់ ។
ក្រោយកើតហេតុ ករណីចាប់មនុស្សជំរិតទារប្រាក់ ការិយាល័យ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវកំណត់បានទីតាំងមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្សារ Makro សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងដកហូតបានវត្ថុតាងមួយចំនួន ដូចខាងក្រោម ៖ ទី១-ឈ្មោះ Tsai Wen Yueh ជនជាតិចិន អាយុ ៥៤ ឆ្នាំ (មេក្លោង) ។ ទី២-ឈ្មោះញឹម សុធន់ ជនជាតិ ខ្មែរ អាយុ ២៩ ឆ្នាំ ទី៣-ឈ្មោះ ផុង យ៉ែង ជនជាតិខ្មែរ អាយុ២៨ ឆ្នាំ ។ ទី៤-ឈ្មោះ Wu Cheng En ភេទ ប្រុស ជនជាតិចិន ។
វត្ថុតាងដកហូត ៖ រថយន្ត ០១គ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G-3768 (មធ្យោបាយធ្វើសកម្មភាព) អាវុធខ្លី០២ដើមម៉ាក ឡុក វិក្កយ័ប័ត្រWing ខ្សែខ្នោះជ័រមួយដុំ និងស្កុតរុំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃុំខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ចំណែកបក្ខពួកនៅសេសសល់ ឈ្មោះ Wei Yixian ភេទប្រុស ជនជាតិចិននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រៀបចំសំណុំរឿងដើម្បីស្នើសុំដីកាតាមចាប់ខ្លួន៕ចេស្តា