ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្ម​នៅតែបន្តកើតឡើង នៅហុងកុង​ បើទោះបីមេដឹកនាំហុងកុងបានសុំទោសក្តី

ចែករំលែក៖

សារព័ត៌មាន BBC បានផ្សាយថា ពលរដ្ឋនៅហុងកុង រាប់ពាន់នាក់ បានព័ទ្ធជុំវិញទីស្នាក់ការកណ្តាលរបស់ប៉ូលិសរយៈពេល១៥ម៉ោង ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលអំពាវនាវឲ្យមេដឹកនាំគាំទ្រក្រុងប៉េកាំង របស់ទីក្រុងនេះ ចុះចេញពីតំណែង ។

បាតុកររាប់ពាន់នាក់ ដែលភាគច្រើនមានវ័យក្មេង បានឡោមព័ទ្ធអគារនេះ ហើយឆ្លងចូលដល់ថ្ងៃបន្តបន្ទាប់ ដែលនេះ ជាការបង្ហាញចុងក្រោយបំផុត នៃកំហឹងនៅក្នុងទីក្រុងហុងកុង ។ ប៉ូលិសបានស្នើសុំឲ្យក្រុមបាតុកររំសាយសន្តិវិធី ដោយនិយាយថា វត្តមានរបស់ពួកគេ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាសង្គ្រោះបន្ទាន់ ។

មនុស្សរាប់លាននាក់បានដើរក្បួនក្នុងខែនេះ ដើម្បីជំទាស់នឹងច្បាប់ដែលបានស្នើឡើងមួយ ដែលនឹងអនុញ្ញាតឲ្យមានការធ្វើបត្យាប័នទៅចិនដីគោក ។ ​រលកបាតុកម្មនាពេលបច្ចុប្បន្ននេះ គឺបង្កឡើងដោយការប៉ុនប៉ងមួយរបស់នាយកប្រតិបត្តិ លោកស្រី Carrie Lam ដើម្បីអនុម័តច្បាប់បត្យាប័ន ដែលគាំទ្រដោយទីក្រុងប៉េកាំង ប៉ុន្តែឥឡូវនេះ លោកស្រីបានពន្យារពេលច្បាប់នេះ បន្ទាប់ពីមានប្រតិកម្មជាសាធារណៈដ៏ធំធេង ។ ប៉ុន្តែចាប់តាំងពីពេលនោះមក បាតុកម្មបានប្រែក្លាយទៅជាចលនា កាន់តែធំប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី Lam និងទីក្រុងប៉េកាំង បន្ទាប់ពីមានការធ្លាក់ចុះ នៃសេរីភាពនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ។

មេដឹកនាំបាតុកម្មគ្រោងនឹងរៀបចំការតវ៉ា ដ៏ធំមួយទៀតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែក្រុមមួយចំនួន ដែលដឹកនាំដោយសិស្ស និស្សិតបានចាប់ផ្តើមធ្វើទង្វើមិនធម្មតា នៃការមិនគោរពច្បាប់ស៊ីវិល ។ អំឡុងបាតុកម្មនៅខាងក្រៅទីស្នាក់ការកណ្តាលប៉ូលិស ហ្វូងបាតុករធំៗ បានបិទច្រកចូល បាំងកាមេរ៉ាCCTV និងស្រែកដាក់ប៉ូលិស ។

ក្រុមប្រឆាំងបានទាមទារឲ្យមានការស៊ើបអង្កេតមួយចូលទៅក្នុងការចោទប្រកាន់អំពី អំពើឃោរឃៅរបស់ប៉ូលិស និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាបន្ថែម ពីលើការបណ្តេញលោកស្រី Lam ហើយលុបចោលសេចក្តីព្រាងច្បាប់បត្យាប័នជាអចិន្ត្រៃយ៍ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបានហៅការតវ៉ានេះថា “ខុសច្បាប់ ខ្វះការពិចារណា និងគ្មានហេតុផល” ដោយនិយាយថា ខ្សែទូរស័ព្ទបន្ទាន់ត្រូវបានរំខានហើយថា បុគ្គលិកចំនួន១៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ៕


ចែករំលែក៖