វិវាទជុំវិញការចាកចេញរបស់អង់គ្លេស ពីសហគមន៍អឺរ៉ុប បានធ្វើឲ្យ វិវាទនយោបាយកាន់តែខ្លាំង បង្ខំឲ្យ នាយករដ្ឋមន្ត្រីអង់គ្លេស លាលែងចេញពីតំណែង ។ មកទល់ពេលនេះ នៅមិនទាន់រើសបានអ្នកជំនួសនៅឡើយ ។
បច្ចុប្បន្ន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson និងរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន លោក Jeremy Hunt ជាបេក្ខភាពចុងក្រោយបង្អស់ សម្រាប់ប្រជែងតំណែង នាយករដ្ឋមន្ត្រីអង់គ្លេស ជំនួសលោកស្រី Theresa May ដែលបានលាលែងចេញពីតំណែង ។
តាមសារព័ត៌មាន Guardian បានផ្សាយថា ក្រោយការបោះឆ្នោត នៅក្នុងគណបក្ស កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងចំណោមបេក្ខភាពជាច្រើនរូប គឺជ្រើសរើសបានតែពីររូបប៉ុណ្ណោះ ដែលទទួលបានការគាំទ្រខ្ពស់ ។ នៅក្នុងការបោះឆ្នោត លោក Boris Johnson នាំមុខដោយទទួលបានសំឡេងគាំទ្រដល់ទៅ១៦០សំឡេង ចំណែក លោក Jeremy Hunt ទទួលបានតែ៧៧សំឡេងតែប៉ណ្ណោះ ។ ចំណែកបេក្ខភាពទី៣គឺលោក Michael Gove ទទួលបាន៧៥សំឡេងគាំទ្រ គឺតិចជាង លោក Hunt តែ២ប៉ុណ្ណោះ ក៏ត្រូវបញ្ចប់ការប្រជែងតំណែងនាយករដ្ឋមន្ត្រី ។
បេក្ខភាពទាំងពីររូប ប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស មានទស្សននយោបាយផ្ទុយ គ្នាទាំងស្រុង ដោយលោក Johnson គាំទ្រអង់គ្លេសចាកចេញពីអឺរ៉ុប ចំណែកលោក Hunt គាំទ្រ អង់គ្លេស បន្តរួមរស់នៅក្នុងសហគមន៍អឺរ៉ុបជាបន្តទៀត ។
ចំពោះបេក្ខភាពទាំងពីររូប ខាងលើនឹងត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេច នៅក្នុង ខែកក្ក ឆ្នាំ២០១៩នេះ ដើម្បីជ្រើសរើសបុគ្គលតែម្នាក់គត់ឡើងកាន់តំណែងដឹកនាំអង់គ្លេស បន្តពីលោកស្រី Theresa May ៕