ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដរេចង្កូតជ្រុលទៅបុកស្រ្ដីជិះកង់ម្នាក់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះកង់តាមដងផ្លូវ ត្រូវបានរថយន្ដមួយគ្រឿង បើករេចង្កូតមកឆ្វេងបុកស្រ្ដីរងគ្រោះពេញមួយទំហឹង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១១០ ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិ ក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ស្រ្ដីរងគ្រោះជាអ្នកជិះកង់បាត់បង់ជីវិតឈ្មោះ គង លឹម អូន ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ។ ចំណែករថយន្ដម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B 2869 បើកបរដោយឈ្មោះ ហេង គឹមហ៊ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះខាងលើ ជិះកង់តាមបណ្ដោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោង ជាកន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហាយឡែនឌ័រ បើកក្នុងទិសដៅពីជើងទៅត្បូង (ច្រាស់ទិសគ្នា )បានរេចង្កូតមកឆ្វេង បុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះមកអន្ដរាគមន៍ ឃាត់ខ្លួនអ្នកបើកបររថយន្ដ និងរថយន រួចពិនិត្យ វាស់វែង កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញថា ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្ត ងងឹតមុខ រេចង្កូតទៅឆ្វេង បុកស្រ្ដីរងគ្រោះជាអ្នកជិះកង់តែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖