ព័ត៌មានទាន់ហេតុការណ៍៖

នាយ តាក់ស៊ី បានបួសដូចបំណងហើយ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាកំប្លែងនាយ តាក់ស៊ី ដែលមានបំណងសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាជារៀងរហូតនោះ បានសម្រេចបំណងដោយបានបួសជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមួយនៃ ខេត្តកំពង់ស្ពឺ ។ ការបួសនេះ នឹងបំពេញបំណងរបស់អតីតសិល្បករល្បីឈ្មោះរូបនេះក្រោយពីលោកបានសម្រាកព្យាបាលជំងឺមួយរយៈពេលខ្លីមក ។

យោងតាមគណនីយហ្វេសប៊ុករបស់នាង ភីម ដែលជាអតីតភរិយាបានបង្ហាញសារ និងរូបភាព សាងផ្នួសជាផ្លូវការហើយ ដោយមានវត្តមានអ្នកផលិតកម្មវិធី លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ តារាកំប្លែងរួមក្រុម នាងអ៊ីត នាយចឺម នាយគ្រឺន និងសាច់ញាតិមិត្តភ័ក្កិមួយចំនួនទៀត ។ កម្មវិធីបួសនេះ ត្រូវធ្វើឡើងនៅវត្តដងទង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

កន្លងមក អតីតតារាកំប្លែង នាយ តាក់ស៊ី ធ្លាប់បានប្រកាសថា នឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ ក៏នឹងបើកផ្លូវឲ្យប្រពន្ធ គឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ ។

គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក ដើរ​រើស​អេត​ចាយ តែ​នាយ​ខំ​តស៊ូ រហូត​បាន​ក្លាយ​ជា​តារា​កំប្លែង​ល្បី​ ឈ្មោះ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ ឆ្នាំ​២០០៩-២០១០ ហើយ​ក៏​បាន​ដូរ​ ឈ្មោះ ​ពី មុល សារឿន មក​នាយ​តាក់ស៊ី ឯ​ភរិយា​ប្តូរ​ ឈ្មោះ ​ពី សុភាន់ មក​ជា​នាង ភីម ។ នាយ​តាក់​ស៊ី មាន​ស្រុក​កំណើត​នៅ​ភូមិ​វត្ត​រំដួល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បច្ចុប្បន្ន រស់​នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​ជា​ស្រុក​កំណើត​ភរិយា ។ នាយ​បាន​រៀប​ការ​នៅ​ ឆ្នាំ​២០០៦ សព្វ​ថ្ងៃ​មាន​កូន​ប្រុស​ម្នាក់ផងដែរ ៕ វឌ្ឍនា


ចែករំលែក៖